(អូស្លូ)៖ ក្រសួងការពារជាតិន័រវែសនៅថ្ងៃពុធនេះ បានប្រកាសថា រដ្ឋាភិបាលន័រវែសបានសម្រេចចិត្តបរិច្ចាគ ប្រព័ន្ធមីស៉ីលប្រឆាំងយន្តហោះ មីស្រ្តាល់ (Mistral) ចំនួន១០០ដើម ឱ្យទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិន័រវែស លោក ប៊្យន អារីដ ហ្រ្កាំ (Bjorn Arild Gram) បានថ្លែងថា ប្រព័ន្ធការពារដែនអាកាស Mistral គឺជាអាវុធដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវបានប្រើប្រាស់ក្នុងកិច្ចការពារផ្លូវអាកាស នៅតាមដែនសមុទ្រ ហើយវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំ ដល់អ៊ុយក្រែន។

ក្រសួងការពារជាតិន័រវែសបានបន្ថែមថា ប្រព័ន្ធមីស៉ីលប្រឆាំងយន្តហោះនេះ នឹងលែងត្រូវប្រើប្រាស់ដោយយោធាន័រវែសទៀតហើយ ដូច្នេះការបរិច្ចាគពួកវាឱ្យទៅអ៊ុយក្រែន នឹងមិនមានផលប៉ះពាល់ខ្លាំងដល់សមត្ថភាពប្រតិបត្តិការ នៃកងកម្លាំងការពារជាតិរបស់ន័រវែសនោះឡើយ។ ប្រព័ន្ធ Mistral ចំនួន១០០ដើមខាងលើ គឺត្រូវបានដឹកជញ្ជូនចេញពីន័រវែសរួចរាល់ហើយ។

គួរបញ្ជាក់ថា កន្លងមកនេះ ន័រវែសក៏បានបរិច្ចាគ ប្រព័ន្ធគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ M72 សរុបចំនួន ៤,០០០ដើម ឱ្យអ៊ុយក្រែនផងដែរ៕