(មូស្គូ)៖ មហាសេដ្ឋីជនជាតិរុស្ស៉ីមួយរូប ដែលបានរងទណ្ឌកម្មពីប្រទេសលោកខាលិច ជុំវិញជម្លោះអ៊ុយក្រែន បានចេញមុខបរិហារ លើប្រតិបត្តិការរបស់ទីក្រុងមូស្គូ ដោយហៅសកម្មភាពនោះថាជាការសម្លាប់រង្គាល និងបានជំរុញឲ្យលោកខាងលិច ជួយបញ្ចប់ជម្លោះនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

លោក អូឡេក ទីនកូវ (Oleg Tinkov) ម្ចាស់ធនាគារ ទីនកូហ្វ (Tinkoff Bank) ដែលជាអ្នកចេញប័ណ្ណឥណទានដ៏ធំបំផុតរបស់រុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអះអាងតាមបណ្តាញសង្គមថា ៩០ភាគរយ នៃប្រជាជនរុស្ស៉ី គឺប្រឆាំងនឹងការសម្រេចចិត្តរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងការវាយប្រហារលើអ៊ុយក្រែន ដែលបានធ្វើឲ្យប៉ះពាល់ដល់ពួកគេ។

នៅលើគណនី Instagram លោក Tinkov បានសរសេរថា «ខ្ញុំមិនឃើញមានផលប្រយោជន៍អ្វី អំពីសង្រ្គាមដ៏ឆ្កួតលីលានេះទេ»។ លោក ពូទីន បានបញ្ជារឲ្យកងទ័ពរុស្ស៉ីវាយចូលទឹកដីអ៊ុយក្រែន ប៉ុន្តែនៅពេលដែលមានការខឹងសម្បារទាំងនៅក្នុងប្រទេស និងជាសាកល លោក ពូទីន បានព្យាយាមបង្រ្កាបការប្រឆាំងនឹងសង្រ្គាម ដោយអនុម័តច្បាប់ ដែលកំណត់ការដាក់ពន្ធនាគារ រហូតដល់១៥ឆ្នាំ សម្រាប់ការផ្សាយព័ត៌មានក្លែងក្លាយអំពីយោធារុស្ស៉ី។

ជាមួយគ្នានេះ លោក Tinkov បានបដិសេធ ថាខ្លួនមិនមានទំនាក់ទំនងជិតស្និទ ជាមួយលោកពូទីន ឬវិមានក្រឹមឡាំងឡើយ ហើយលោកបានអំពាវនាវ ដល់បណ្តាប្រទេសលោកខាងលិច ឲ្យជួយរកដំណោះស្រាយ ដើម្បីបញ្ចប់ការសម្លាប់រង្គាល ដោយមានហេតុផលនិងមនុស្សធម៌។

គួរបញ្ជាក់ថា សង្រ្គាមដែលអូសបន្លាយ ជិត៨សប្តាហ៍មកនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និង ជាង១២លាននាក់រត់ភៀសខ្លួន ខណៈដែលរដ្ឋាភិបាលទីក្រុងកៀវ ក៏ដូចជាលោកខាងលិចបានរួមគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ក្នុងគោលបំណងឲ្យលោក ពូទីន ដកថយ៕