(ប៉េកាំង)៖ នៅថ្ងៃទី២០ ខែមេសានេះ កម្មវិធី «ចាប់ផ្តើមបង្រៀនហើយ/开讲啦» ដែលជាកម្មវិធីទូរទស្សន៍ពិសេស ដើម្បីសាទរទិវាភាសាចិន នៃអង្គការសហប្រជាជាតិ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ CCTV-1 នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាការចាប់ផ្តើមនៃសកម្មភាពក្រោមប្រធានបទ «ភាសាចិនដ៏ទាក់ទាញ» នៃ CMG ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីពិសេសដើម្បីអបអរសាទរទិវាភាសាចិន នៃអង្គការសហប្រជាជាតិនេះ គឺសហការរៀបចំដោយ CMG និងសហព័ន្ធភាសាចិន ដែលជាវេទិកាអប់រំភាសាចិន តាមអនឡាញធំបំផុតលើអន្តរជាតិ។ កាលពីឆ្នាំ២០១០ ការិយាល័យព័ត៌មាននៃអ.ស.ប. បានប្រកាសបង្កើតទិវាភាសា នៃអ.ស.ប. ក្នុងគោលបំណងជំរុញពិពិធកម្មនៃភាសានិងវប្បធម៌។ ក្នុងនោះ ទិវាភាសាចិនត្រូវបានកំណត់យកថ្ងៃ GUYU /谷雨 ដែលជារដូវកាលមួយក្នុងចំណោមរដូវកាលទាំង ២៤ តាមច័ន្ទគតិចិន ដើម្បីរំលឹកដល់ការរួមចំណែករបស់លោក CangJie /仓颉 ដែលត្រូវស្គាល់ថាជា «បុព្វបុរសបង្កើតអក្សរប្រជាជាតិចិន»

កម្មវិធីពិសេស «ចាប់ផ្តើមបង្រៀនហើយ /开讲啦» បានអញ្ជើញអ្នកដែលចូលចិត្តភាសាចិនចំនួន ១០០នាក់ ដែលមកពីប្រទេសចំនួន ៤២ លើពិភពលោក ជាតំណាងដើម្បីចូលរៀន តាមអនឡាញក្នុងពេលតែមួយ ដើម្បីចែករំលែកពីចំណាប់អារម្មណ៍អំពី ការសិក្សាភាសាចិនរបស់ខ្លួន ក៏ដូចជាធ្វើការផ្លាស់ប្តូរវប្បធម៌ចិននិងអន្តរជាតិ។

គួរបញ្ជាក់ថា ឆ្លៀតឱកាសទិវាភាសាចិននៃអង្គការសហប្រជាជាតិ សកម្មភាពក្រោមប្រធានបទ «ភាសាចិនដ៏ទាក់ទាញ» នឹងចាក់ផ្សាយកម្មវិធីវប្បធម៌ចិនជាច្រើនទៀត ដែលសុទ្ធតែផលិតដោយ CMG មានដូចជា កម្មវិធី «ជួបជាមួយអក្សរចិន» «រឿងរ៉ាវអក្សរចិនរបស់ខ្ញុំ» «គំនូរចូលឆ្នាំ» ជាដើម ដែលផ្តោតលើតួអក្សរចិន កំណាព្យ អក្សរផ្ចង់ និងគំនូរបុរាណរបស់ប្រទេសចិន។ កម្មវិធីទាំងនេះក៏នឹងចាក់ផ្សាយតាមគេហទំព័រ CCTV.COM, CGTN.COM, CRI.CN និងបណ្តាញទំនាក់ទំនងសង្គមជាតិនិងអន្តរជាតិ៕