(ប៉េកាំង)៖ ដើរញុះញង់និងបង្កភាពច្របូកច្របល់ ធ្វើអនុត្តរភាពលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយដាក់ទណ្ឌកម្មទៅលើគូប្រជែង គប់គិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចនិងដាក់ឱ្យប្រទេសផ្សេងទៀតនៅឯកោ។ល។ វិធីសាស្ត្រដែលអាមេរិកធ្វើលើរុស្ស៊ី ធ្វើឱ្យអ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់នូវឧបាយកលគ្រប់បែបយ៉ាង ដែលអាមេរិកប្រើអនុត្តរភាព ទៅបង្ករឿងនិងបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ។

កាលពីឆ្នាំ២០០៣ លោក Alfonso Cuarón អ្នកដឹកនាំរឿងនៃភាពយន្តរឿង «Harry Potter and the Prisoner of Azkaban» បានប្រៀបធៀបលោក George Walker Bush អតីតប្រធានាធិបតីអាមេរិក ថាជា Lord Voldemort ក្នុងភាពយន្ត «Harry Potter»។ ប្រព័ន្ធសារព័ត៌មាន BBC របស់អង់គ្លេសក៏ធ្លាប់ពិពណ៌នាលោក Donald Trump អតីតប្រធានាធិបតីអាមេរិកថាជា Lord Voldemort ដែរ។ លោកស្រី J. K. Rowling អ្នកនិពន្ធសៀវភៅ «Harry Potter»បានសម្គាល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលអាមេរិក កាន់តែអាក្រក់ជាង Lord Voldemort ទៅទៀត លោកស្រីធ្លាប់និយាយដោយខឹងសម្បាថា មិនត្រូវប្រមាថដល់ Lord Voldemort ទេ !

នៅពីក្រោយនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកផងទាំងពួងអាចឃើញយ៉ាងច្បាស់ពី ឧបាយកលខាងនយោបាយមួយចំនួនរបស់អាមេរិកបែប «វេទមន្តងងឹត» ពោលគឺ ឆ្លងតាមរយៈអង្គការណាតូវាតទីទៅខាងកើត ដើម្បីបង្រួញចន្លោះសន្តិសុខរបស់រុស្ស៊ីជាបន្តបន្ទាប់ បង្ខំឱ្យរុស្ស៊ីធ្លាក់ក្នុងភាពទាល់ច្រក។ បន្ទាប់មក ធ្វើឱ្យទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែន មានភាពកាន់តែតានតឹងតាមរយៈការញុះញង់ឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ទីបំផុត បណ្តាលឱ្យរុស្ស៊ីនិងអ៊ុយក្រែនផ្ទុះអាវុធដាក់គ្នា។ ក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនអាចបន្លាយពេលយូរ។ អាមេរិកបានរារាំងកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនឥតឈប់ឈរ ហើយបានផ្តល់ជំនួយជាអាវុធដល់អ៊ុយក្រែនជាបន្តបន្ទាប់ ក្នុងគោលបំណងដុតបញ្ឆេះភ្លើងសង្គ្រាមឱ្យកាន់តែក្តៅឡើង។

ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន អាមេរិកបានជ្រោងទង់ «គាំពារយុត្តិធម៌» និង «ទប់ស្កាត់ការឈ្លានពាន» ជាដើម ចូលរួមសង្គ្រាមនិងការប៉ះទង្គិចទ្រង់ទ្រាយធំ ស្ទើរតែទាំងអស់ចាប់ពីសង្គ្រាមលោកលើកទីពីរមក ដែលបានបង្កគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ នៅប្រទេសរងការឈ្លានពាន ហើយបណ្តាលឱ្យប្រទេសនិងតំបន់ទាំងនេះ ធ្លាក់ក្នុងភាពច្របូកច្របល់និងសេដ្ឋកិច្ចថមថយចុះ។

ដើម្បីបង្ខំឱ្យប្រទេសផ្សេងទៀតអនុវត្តប្រព័ន្ធនយោបាយ និងគុណតម្លៃរបស់ខ្លួន អាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃតាមទំនើងចិត្ត។ ក្រៅពីធ្វើការឈ្លានពានដោយយោធា អាមេរិកក៏បានបង្ក «បដិវត្តន៍ពណ៌» និងញុះញង់ឱ្យកើតចលាចលនៅប្រទេសដទៃ នេះក៏បានឧបាយកលរបស់អាមេរិកផងដែរ រីឯការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនវិញ ជា «ស្នាដៃ» ថ្មីបំផុតរបស់ក្រុងវ៉ាស៊ីនតោន៕