(យូអិន)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងប៉េកាំងបានអំពាវនាវដល់ប្រទេសទាំងអស់ ឱ្យផ្តល់ការគាំទ្រដល់កិច្ចចរចារវាងរុស្ស៉ីនិងអ៊ុយក្រែន ដើម្បីឆ្ពោះទៅសម្រេចបានបទឈប់បាញ់ ហើយបានព្រមានប្រឆាំងនឹងការខិតខំប្រឹងប្រែងបញ្ចូនអាវុធជាបន្តបន្ទាប់ ដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

លោក ចាង ជុន (Zhang Jun) អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានលើកឡើងយ៉ាងដូច្នេះថា «ការខិតខំបន្តបញ្ជូនសព្វាវុធនឹងមិនអាចនាំមកនូវសន្តិភាពបានឡើយ។ ផ្ទុយទៅវិញ វាមានតែអូសបន្លាយហើយធ្វើឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ព្រមទាំងបណ្តាលឱ្យមហន្តរាយផ្នែកមនុស្សធម៌កាន់តែអាក្រក់ថែមទៀត»។ លោក Zhang បានថ្លែងបែបនេះ កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីបញ្ហាមនុស្សធម៌របស់អ៊ុយក្រែន។ បើតាមលោក Zhang កិច្ចចរចាគ្នាតាមផ្លូវការទូត ចាំបាច់ត្រូវតែមានការគាំទ្រ និងលើកកម្ពស់បន្ថែមទៀត។

គួរបញ្ជាក់ថា យោងតាមទិន្ន័យរបស់ UN គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ជាពេលដែលរុស្ស៉ីបានចាប់ផ្តើមវាយប្រហារលើអ៊ុយក្រែន មនុស្សសរុប៥លាននាក់ហើយ បានភៀសខ្លួនចេញពីអ៊ុយក្រែន និង៧លាននាក់ទៀត បានព្រាត់ប្រាសពីលំនៅឋាននៅក្នុងប្រទេសផ្ទាល់។ កន្លងមកនេះ ទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយមនុស្សធម៌ សរុបស្មើនឹងជាង២លានដុល្លារអាមេរិក សម្រាប់វិបត្តិអ៊ុយក្រែន៕