(សេអ៊ូល)៖ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ត្រូវបានប្រភពព័ត៌មានមួយ បង្ហើបឲ្យដឹង នៅថ្ងៃពុធនេះថា លោកបានជួបជាមួយបេសកជនអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ខណៈដែលភាគីទាំងពីរ កំពុងស្វែងរកការសម្របសម្រួល លើគោលនយោបាយសម្រាប់កូរ៉េខាងជើង នៅក្រោមរដ្ឋបាលថ្មីរបស់ទីក្រុងសេអ៊ូល។ នេះបើយោងតាមការដកស្រង់ផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ជំនួបខាងលើកើតមានឡើងបន្ទាប់ពី បេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក ស៊ុង គីម (Sung Kim) បានមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទសប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដែលរួមមានការពិភាក្សាជាមួយសមភាគី របស់លោក នៅក្នុងរដ្ឋបាលកូរ៉េខាងត្បូងដែលកំពុងកាន់អំណាច និងជាមួយក្រុមមន្រ្តីរបស់លោក Yoon។

បើតាមអ្នកនាំពាក្យរបស់ លោក Yoon ដំបូងឡើយ មិនមានការកំណត់កិច្ចប្រជុំផ្លូវការណាមួយ រវាងលោក Yoon និង លោក Kim នោះទេ ប៉ុន្តែអ្នកទាំងពីរ បានចូលរួមទទួលទានអាហារជាលក្ខណៈឯកជន ដែលរៀបចំឡើង ដោយអនុប្រធានសភាកូរ៉េខាងត្បូង គឺលោក ជុង ជីនស៊ុក (Chung Jin-suk) ដែលជាមិត្តចាស់របស់លោក Kim។ ដំណឹងនៃជំនួបរវាងលោក Yoon និងលោក Kim ត្រូវបាន រាយការណ៍ដំបូង ដោយទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap។ ពេលនោះក្រុមមន្រ្តីរបស់លោក Yoon បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា វាមិនមែនជាជំនួបផ្លូវការ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ឬកម្មវិធីនុយក្លេអ៊ែររបស់
កូរ៉េខាងជើងនោះទេ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Kim ទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានចាប់ផ្តើមការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីបឡើងវិញ ហើយបានបង្ហាញសញ្ញាថា ខ្លួនអាចនឹងរៀបចំសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញផងដែរ៕