(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍មួយរបស់តៃវ៉ាន់ នៅថ្ងៃពុធនេះ បានចេញមុខសុំទោសទស្សនិកជន និងអំពាវនាវកុំឱ្យប្រជាជនឆោឡោ បន្ទាប់ពីខ្លួនច្រឡំរាយការណ៍ថា ចិនបានបើកការវាយប្រហារលើទីក្រុងតៃប៉ិ ចំពេលដែលភាពតានតឹង កំពុងកើនឡើងស្រាប់ជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

កំលុងការផ្សាយព័ត៌មានផ្ទាល់មួយ កាលពីព្រឹកថ្ងៃពុធនេះ ស្ថានីយទូរទស្សន៍តៃវ៉ាន់ CTS បានច្រឡំបង្ហាញអក្សររត់នៅពីក្រោមស្រ្គីនថា នាវាយោធានិងហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗ នៅក្បែរទីក្រុងតៃប៉ិ បានទទួលរងការវាយប្រហារដោយមីស៉ីលរបស់ចិន។ ក្រោយមក នៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល ស្ថានីយទូរទស្សន៍តៃវ៉ាន់មួយនេះ បានចេញមកបកស្រាយវិញថា តាមពិតសារនោះ គឺសម្រាប់ការហ្វឹកហាត់មួយ ជាមួយភ្នាក់ងារពន្លត់អគ្គីភ័យនៃទីក្រុងតៃប៉ិឯណោះទេ ប៉ុន្តែច្រឡំចេញផ្សាយដោយសារតែ កំហុសផ្នែកបច្ចេកទេស។ ទូរទស្សន៍ CTS ក៏បានសុំអភ័យទោស ហើយអំពាវនាវកុំឱ្យប្រជាជនចលាចលផងដែរ។

គួរបញ្ជាក់ថា ចិនមិនបានបោះបង់ចោលនូវ ជម្រើសនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាជាមួយកោះតៃវ៉ាន់នោះឡើយ បើទោះបីជា ខ្លួនបានប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការប្រើមធ្យោបាយសន្តិវិធីក៏ដោយ។ ប៉ុន្តែឆ្នាំចុងក្រោយនេះ យោធាចិនបានបង្កើន សកម្មភាពគួរឱ្យកត់សម្គាល់នៅក្បែរកោះតៃវ៉ាន់ ដើម្បីដាក់សម្ពាធលើទីក្រុងតៃប៉ិ។ រីឯតៃវ៉ាន់បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ចាប់តាំងពីរុស្ស៉ីបានវាយប្រហារលើអ៊ុយក្រែន ក្រោមក្តីបារម្ភថាចិនអាចនឹងធ្វើសកម្មភាពស្រដៀងគ្នា ប៉ុន្តែមកទល់ពេលនេះតៃវ៉ាន់ មិនបានរាយការណ៍ពី សញ្ញាមិនប្រក្រតីណាមួយនោះទេ៕