(វ៉ាស៉ីនតោន)៖ ក្នុងសប្តាហ៍នេះ សេតវិមានបានហៅ ការព្រមានរបស់ទីក្រុងមូស្គូ ជុំវិញការបន្តបញ្ជូនអាវុធដោយអាមេរិក ឱ្យទៅអ៊ុយក្រែន ថាជា «ការព្រមានដោយមាត់ទទេ» ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

កំលុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន សាគី (Jen Psaki) បានលើកឡើងថា «យើងនឹងមិនធ្វើការអត្ថាធិប្បាយអ្វីទេ។ មានន័យថា ខ្ញុំនឹងមិនផ្តល់ការយល់ឃើញអ្វី ជុំវិញការព្រមានដោយមាត់ទទេពីសំណាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឬថ្នាក់ដឹកនាំរុស្ស៉ីដទៃទៀតឡើយ»។ លោកស្រី Psaki បានបន្ថែមទៀតថា ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នឹងនៅតែបន្តដូចការសន្យារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រុស្ស៉ីបានព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើនៅតែបន្តផ្តល់សព្វាវុធទំនើបៗដល់អ៊ុយក្រែន នោះមុខជានឹងត្រូវប្រឈមផលវិបាក ដែលមិនអាចប៉ាន់ស្មានបានជាមិនខានឡើយ។ ការព្រមាននោះធ្វើឡើង បន្ទាប់ពីអាមេរិក ប្រកាសផ្តល់ជំនួយយោធាទំហំ ៨០០លានដុល្លារថែមទៀត ដល់អ៊ុយក្រែន៕