(ត្យូក្យូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថាប្រទេសរបស់លោកនឹងមិនប្រើ អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែនឡើយ ដោយនឹងប្រើតែអាវុធធម្មតាប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន Japan Times នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

លោក Sergey Lavrov ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរ ដែលសួរថាតើរុស្ស៉ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរលើអ៊ុយក្រែនដែរឬទេ? ហើយនេះគឺជា អត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់រុស្ស៉ីដំបូងបំផុតលើបញ្ហាអាវុធនុយក្លេអ៊ែរ ទោះជាលោក Lavrov មិនមានសិទ្ធិសម្រេចដោយផ្ទាល់លើ ការសម្រេចចិត្តខាងយោធាក៏ដោយ។

បន្ថែមពីលើនេះ នៅក្នុងបទសម្ភាសន៍នោះដែរ, ប្រមុខការបរទេសរុស្ស៉ីរូបនេះក៏បានទទួលស្គាល់ផងដែរថាកងទ័ពរុស្ស៉ីបានចាប់ផ្ដើម ដំណាក់កាលទី២ នៃសង្រ្គាម ដោយវាយលុកលើតំបន់ភាគខាងកើតអ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រុមមន្ត្រីលោកខាងលិច រួមទាំងអាមេរិក ធ្លាប់បានព្រមានថារុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ដើម្បីវាយប្រហារ លើអ៊ុយក្រែន ប្រសិនការប្រតិបត្តិការយោធារបស់ខ្លួន នៅតែមិនអាចសម្រេចគោលដៅតាមការចង់បានរបស់លោក ពូទីន៕