(ប្រាក)៖ ក្រសួងការពារជាតិឆែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ក្រុមហ៊ុនវិស័យការពារជាតិរបស់ឆែក នឹងជួយធ្វើការជួសជុលរថក្រោះ និងបរិក្ខារយោធាផ្សេងទៀតរបស់អ៊ុយក្រែន ដែលបានទទួលរងការខូចខាតធ្ងន់ធ្ងរក្នុងការប្រយុទ្ធគ្នា ឬមួយក៏ត្រូវការការជួសជុលឡើងវិញ ក្រោយទុកចោលយូរពេក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

រដ្ឋាភិបាលទីក្រុងប្រាកបានសេចក្តីថ្លែងការណ៍ដូច្នេះថា «ឆែកនឹងប្រើប្រាស់សមត្ថភាព ក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់ខ្លួន ដើម្បីជួយដល់ការងារជួសជុលដែលមានលក្ខណៈស្មុគស្មាញ ក៏ដូចជាការធ្វើកំណែទម្រង់ និងស្តារបរិក្ខារយោធាទាំងឡាយណារបស់អ៊ុយក្រែន ដែលត្រូវបានទុកចោលយូរពេក ឱ្យអាចប្រើប្រាស់បានឡើងវិញ»

ដោយឡែក បើតាមក្រសួងការពារជាតិឆែក សម្រាប់ការខូចខាតបន្តិចបន្តួច គឺនឹងត្រូវជួសជុលដោយកិច្ចប្រឹងប្រែងរបស់កងទ័ព ក៏ដូចជាឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែនផ្ទាល់។ ក្នុងកិច្ចសន្យាដំបូង ក្រុមហ៊ុនឆែកនឹងជួសជុល រថក្រោះសម័យសូវៀតធុន T-64 របស់អ៊ុយក្រែន ប៉ុន្តែមិនមានការបង្ហើបឱ្យដឹងពីចំនួនជាក់លាក់ឡើយ។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក ស្ថិតក្នុងចំណោមក្រុមប្រទេស ដែលសកម្មបំផុត ក្នុងការគាំទ្រដល់យោធារបស់អ៊ុយក្រែន តាមរយៈការបរិច្ចាគនិងលក់សព្វាវុធ រួមមានដូចជា រថក្រោះ, ប្រព័ន្ធបាញ់រ៉ុក្កែត, កាំភ្លើងធំ, រថពាសដែក និងអាវុធប្រឆាំងយន្តហោះ ជាដើម៕