(ប៉េកាំង)៖ «ម្តាយដែលទៅបេះផ្កាយបានមកវិញហើយ!» ពេលថ្មីៗកន្លងទៅនេះ លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិកចិន ទៅបំពេញភារកិច្ចហោះហើរផ្ទុកមនុស្សនៃយានអវកាស Shenzhou-13 បានជិះយន្តហោះទៅដល់ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព។

លោកស្រី Wang Yaping បានប្រគល់ «ផ្កាយ» មួយទៅឱ្យកូនស្រីរបស់គាត់ ដែលទៅទទួលស្វាគមន៍។ នេះគឺជាការណាត់រវាងលោកស្រី និងកូនស្រីរបស់គាត់ ដែលសន្យាថានឹងយកផ្កាយមកវិញ ឱ្យកូនស្រីនិងមិត្តរួមថ្នាក់របស់កូនស្រីគាត់។

រយៈពេលជាង១៨០ថ្ងៃមុន «ក្រុមអវកាសយានិកបីនាក់ដែលទៅបំពេញការងារក្នុងអវកាស”បានចូលក្នុងកាប៊ីនស្នូល Tianhe យ៉ាងរលូនតាមរយៈយានអវកាស Shenzhou-13។ ក្នុងអំឡុងពេលនេះ ក្រោមការគាំទ្ររបស់បុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើផ្ទៃដី អវកាសយានិកបីនាក់បានសម្រេចបាន ដោយគាប់ប្រសើរនូវសកម្មភាពដើរចេញពីកាប៊ីនពីរលើក និងសកម្មភាពបង្រៀនក្នុងអវកាសពីរលើក។ ព្រមពេលជាមួយគ្នានេះ ក៏បានធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងគម្រោងប្រើប្រាស់ជាច្រើន។ ដូចជា ក្នុងបរិយាកាសដែលគ្មានទំនាញផែនដីក្នុងអវកាស អវកាសយានិកបីនាក់បានបង្កើតប្រព័ន្ធបណ្ដុះកោសិការយៈពេលយូរ និងគំរូកោសិកាក្នុងលក្ខខណ្ឌអវកាសជាលើកដំបូង និងរកឃើញ «ពន្លឺភ្លឹបភ្លែតនៃសញ្ញាធាតុកាល់ស្យូម» នៃកោសិកាសាច់បេះដូងក្រោមលក្ខខណ្ឌគ្មានទំនាញផែនដីជាលើកដំបូង ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រ។

ស្ថានីយអវកាសចិនជាគម្រោងស្រដៀងគ្នា ដែលបានបើកទ្វារជាសាធារណៈ ចំពោះរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ននេះ គម្រោងចំនួន៩នៃប្រទេសចំនួន១៧ និងអង្គភាពជាក់ស្តែងចំនួន២៣ ក្លាយជាគម្រោងជំហានដំបូង ក្នុងការពិសោធន៍វិទ្យាសាស្ត្រនៃស្ថានីយអវកាសរបស់ចិន។

មួយសប្តាហ៍មុន ក្នុងស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកដែលស្ថិតនៅក្រុងវ៉ាស៊ីនតោន អវកាសយានិកចិននិងយុវជន និងក្មេងជំទង់អាមេរិកព្រមទាំងអាណាព្យាបាល និងគ្រូបង្រៀនរបស់ពួកគេបានរួមគ្នាធ្វើកម្មវិធី «សំណួរចម្លើយពីអវកាស»។ ដូចជា «តើហូបបាយយ៉ាងម៉េចក្នុងស្ថានីយអវកាស» និង «តើវិធីហ្វឹកហាត់និងកម្សាន្តរបស់អវកាសយានិកមានអ្វីខ្លះ»។ល។ សិស្សអាមេរិកទាំងឡាយបានលើកឡើងសំណួរគ្រប់បែបយ៉ាង។ ក្រៅពីនេះ អវកាសយានិកបរទេសជាច្រើននាក់ ក៏បានសម្តែងពីការរំពឹងទុក ចំពោះការបំពេញការងារក្នុងស្ថានីយអវកាសរបស់ចិនដែរ។ លោក Matthias អវកាសយានិកអាល្លឺម៉ង់បានថ្លែងថា លោកបានរៀនភាសាចិនជាច្រើនឆ្នាំហើយ រំពឹងទុកថាមានថ្ងៃមួយ អាចចូលក្នុងស្ថានីយអវកាសរបស់ចិន ។

ពេលកន្លងទៅនេះ ទាក់ទិននឹងរបាយការណ៍នៃក្រសួងការពារជាតិអាមេរិក អំពីអ្វីដែលហៅថា «ការគំរាមកំហែងពីអវកាស» លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា សហរដ្ឋអាមេរិកទើបជា ការគំរាមកំហែងធំបំផុត ដែលសន្តិសុខអវកាសបានប្រឈមមុខ។ រដ្ឋាភិបាលអាមេរិកគួរតែបំពេញទំនួលខុសត្រូវ ដែលប្រទេសមហាអំណាចគួរធ្វើយ៉ាងប្រាកដប្រជា ដើម្បីពិនិត្យទង្វើអវិជ្ជមានមួយចំនួនរបស់ខ្លួនក្នុងវិស័យអវកាស។ ភាគីចិនបានផ្តួចផ្តើមឱ្យប្រើប្រាស់អវកាសដោយសន្តិភាព ប្រឆាំងការយកអវកាសជាអាវុធ និងការប្រកួតប្រជែងខាងសព្វាវុធជាប់រហូតមក។ ប្រទេសចិនស្វែងរកលំហអវកាស គឺដើម្បីបំពេញតាមតម្រូវការរបស់ប្រទេសជាតិ លើវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសន្តិសុខជាតិជាដើម ។

លោក Stephen Ndegwa អ្នកទទួលបន្ទុកធនាគារគំនិត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍របស់កេនយ៉ា បានយល់ឃើញថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកអវកាស មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអភិវឌ្ឍន៍នោះទេ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេសចិនបានតាំងគំរូឱ្យប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ព្រមទាំងបំពេញបន្ថែមជំនឿចិត្តផងដែរ។

កាលពីឆ្នាំ១៩៨៥ លោក Andy Turnage ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមន៍អ្នកស្វែងរកអវកាសធ្លាប់ថ្លែងថា «ពិតមែនតែយើងគ្មានភាសាដូចគ្នាក៏ដោយ ក៏ប៉ុន្តែមានគោលដៅដូចគ្នា ពោលគឺស្វែងរកអវកាសហើយប្រើប្រាស់ សមិទ្ធផលនិងបច្ចេកវិទ្យាទៅលើ «ផែនដីតែមួយ»។» «ស្ថានីយអវកាសចិនដែលបើកទ្វារចំពោះពិភពលោក នឹងក្លាយជាផ្ទះរួមរបស់មនុស្សជាតិទាំងមូល» ដើម្បីជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិន ក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងលំហអវកាស៕