(កៀវ)៖ កងទ័ពរុស្ស៉ីបានវាយដណ្ដើមបានទីក្រុង ក្រេមីនណា (Kreminna) នៃតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយកងទ័ពអ៊ុយក្រែនក៏បានដកថយចេញពីទីក្រុងនេះដែរ។ នេះបើតាមអភិបាលក្នុងតំបន់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អភិបាលអ៊ុយក្រែននៃតំបន់លូហាន (Luhansk) លោក ស៊ែរហ៊ី ហ្គៃដៃ (Serhiy Gaidai) បានបញ្ជាក់ដូច្នេះថា «ទីក្រុង Kreminna បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ី ដោយពួកគេ បានចូលក្នុងទីក្រុងនេះ។ ចំណែកឯ កងទ័ពរបស់យើងបានដកថយ ដើម្បីត្រៀមខ្លួន និងបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី»

អភិបាលតំបន់រូបនេះ មិនបានបញ្ជាក់លម្អិតថាតើកងទ័ពរុស្ស៉ីវាយគ្រប់គ្រងទីក្រុង Kreminna តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែឱ្យដឹងថាកងទ័ពរុស្ស៉ីបានបើកការវាយលុកមកពីគ្រប់ទិស។

គួរបញ្ជាក់ថា Kreminna ដែលមានប្រជាជនរស់នៅច្រើនជាង ១៨,០០០នាក់ នៅមុនសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង គឺជាទីក្រុងដំបូងគេ បំផុត ដែលត្រូវកងទ័ពរុស្ស៉ីវាយយកបាន ចាប់តាំងពីម៉ូស្គូចាប់ផ្ដើមដំណាក់កាលពី២ នៃសង្រ្គាមដោយផ្ដោតលើតំបន់ដុនបាស់ នៃភាគខាងកើតអ៊ុយក្រែន៕