(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ជប៉ុន នូវែលសេឡង់ និងអូស្ត្រាលី មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខរវាងចិន និងប្រទេសដែនកោះសូឡូម៉ុន (Solomon)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី អេទ្រីយែន វ៉ាត់សុន (Adrienne Watson) បានគូសបញ្ជាក់ដូច្នេះថា «ក្រុមមន្ត្រីមកពីប្រទេសទាំង៤ បានបង្ហាញ និងចែករំលែកក្តីបារម្ភយ៉ាងខ្លាំងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខរវាងចិន-សូឡូម៉ុន និងហានិភ័យដ៏ធ្ងន់ធ្ងររបស់វា ចំពោះយុទ្ធសាស្រ្តសេរីភាព និងបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក បានប្រកាសថានឹងបើកស្ថានទូតរបស់ខ្លួននៅលើប្រទេសដែនកោះសូឡូម៉ុន ដែលជា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីផ្តល់នូវធនធានផ្នែកការទូត និងសន្តិសុខ បន្ថែមទៀត ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។

ដំណឹងនៃគម្រោងចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខរវាងចិន-សូឡូម៉ុន បានទទួលរងនូវការជំទាស់ជាខ្លាំង ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានអះអាងថា វាអាចបង្ករអសន្តិសុខក្នុងតំបន់។ ប៉ុន្តែ នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាស់សេហ៍ សូហ្កាវ៉ា (Manasseh Sogavare) ធ្លាប់ប្រាប់សភាសូឡូម៉ុនថា កិច្ចព្រមព្រៀងសន្តិសុខ ដែលបានស្នើឡើង គឺមិនមានរួមបញ្ចូល ការបង្កើតមូលដ្ឋានយោធាចិន លើទឹកដីសូឡូម៉ុនឡើយ៕