(ស៊ុយអែត)៖ បណ្តាប្រទេសអារ៉ាប់ និងមូស្លីមបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះផែនការក្រុមស្តាំនិយមជ្រុលដ៏ល្បីល្បាញរបស់ស៊ុយអែត Stram Kurs ក្នុងការដុតច្បាប់ចម្លង នៃគម្ពីរគួរអាន ដែលជាសៀវភៅដ៏ពិសិដ្ឋបំផុតក្នុងសាសនាឥស្លាម ក្នុងអំឡុងខែរ៉ាម៉ាដាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ប្រទេសអារ៉ាប៊ីសាអូឌីតបានថ្កោលទោស ការបំពាន «ដោយចេតនា» លើគម្ពីរគួរអានរបស់ក្រុមស្តាំនិយមជ្រុលនេះថា ជាការញុះញង់ប្រឆាំងនឹងប្រជាជនម៉ូស្លីម ដោយអំពាវនាវឲ្យមានការការជំនួសមកវិញ នូវការលើកកម្ពស់វប្បធម៌សន្ទនា ការអត់ឱន និងការរួមរស់ផ្នែកសាសនា។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រសួងការបរទេសសម្តែងការថ្កោលទោស ចំពោះការរំលោភបំពានដោយចេតនាលើគម្ពីគួរអាន និងការញុះញង់ប្រឆាំងនឹងមូស្លីម ដោយពួកជ្រុលនិយមមួយចំនួននៅក្នុងប្រទេសស៊ុយអែត»

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅទីក្រុងជាច្រើន រួមមានដូចជាទីក្រុង Norrkoping ទីក្រុង Linkoping ទីក្រុង Rinkeby ទីក្រុង Malmo ទីក្រុង Orebro និងរដ្ឋធានី Stockholm នៅចុងសប្តាហ៍នេះ ខណៈដែលប៉ូលីសបានព្យាយាមរារាំងការដុតគម្ពីគួរអានដែលបានកើតឡើង។

ផែនការរបស់ក្រុមស្តាំនិយមជ្រុល Stram Kurs ត្រូវបានថ្កោលទោសផងដែរ ដោយប្រទេសនានា រួមមាន ប្រទេសអេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្ស៊កដានី ម៉ាឡេស៊ី កាតា និងផ្សេងទៀត។ ការ ថ្កោលទោស ក៏ ត្រូវ បាន ធ្វើឡើង ដោយ អង្គការ សហប្រតិបត្តិការ ឥស្លាម សម្ព័ន្ធ ពិភពលោក មូស្លីម និង សភា អារ៉ាប់ ដែល ជា ស្ថាប័ន នីតិប្បញ្ញត្តិ នៃ សម្ព័ន្ធ អារ៉ាប់ផងដែរ។

ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា នៅពេលដែលលោក Paludan ដែលស្ថាបនិកក្រុម Stram Kurs បានចែករំលែកនូវរូបថតមួយ ដែលកាន់គម្ពីគួរអានឆេះមួយចំហៀង ជាមួយការសរសេរចំណង ជើង ថា «គម្ពីរ គួរអានឆេះ នៅ Rinkeby»