(មូស្គូ)៖ ប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពានបានបង្កវិនាសកម្ម និងវិបត្តិមនុស្សធម៌ដ៏ធំមិនធ្លាប់មាន គិតចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ មនុស្សមានហេតុផល គួរណាស់តែចង់ឱ្យសង្រ្គាមបង្ហូរឈាមគ្នានេះបញ្ចប់ឱ្យបានឆាប់ តាមដែល អាចធ្វើទៅបាន។ ប៉ុន្តែ គោលនយោបាយជាច្រើនរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនកំពុងអនុវត្តបែរជាមើលទៅហាក់ដូចជាកំពុង អូសបន្លាយសង្រ្គាមទៅវិញ ដែលនេះបានធ្វើឱ្យមានការចោទសួរថាតើគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន មានភាពអសកម្ម ឬក៏វាជាយុទ្ធសាស្ត្រ បំបាក់រុស្ស៉ីឱ្យងើបមុខលែងរួច ឬក៏ធ្វើឱ្យមូស្គូបរាជ័យខាងភូមិសាស្ត្រនយោបាយ ទោះជាត្រូវពលីអ៊ុយក្រែនទាំងមូលក៏ដោយ?

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង, សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO បានបញ្ជូនអាវុធដូចទឹកបាក់ទំនប់ទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមមាន មីស៊ីលប្រឆាំងរថក្រោះ Javelin, មីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger និងដ្រូនពិឃាដ (Switchblade) ជាដើម។ បើគ្មានអាវុធទាំងនេះទេ ម្ល៉េះ លោក ពូទីនអាចនឹងសម្រេចគោលដៅតាមផែនការ ហើយអ៊ុយក្រែនក៏ប្រហែលជាមិនអាចតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ីមកទល់នឹងថ្ងៃនេះដែរ។

គេមិនពិបាកយល់ពេកទេពីអ្វីដែលមេដឹកនាំលោកខាងលិចកំពុងគិត នោះគឺពួកគេមិនអាចឱ្យប្រទេសឈ្លានពានគេឯងដូចជារុស្ស៉ីទទួលបានជ័យជម្នះ ដោយងាយៗជាដាច់ខាត។ បានន័យថាប្រសិនបើពួកគេមិនជួយអ៊ុយក្រែន មានន័យស្មើថាពួកគេលើកទឹកចិត្ត ឬផ្ដល់រង្វាន់ដល់អ្នកដែលឈ្លានពានគេ។ តែរឿងដែលសំខាន់ គឺនៅត្រង់ថាសង្រ្គាមផ្ទុះឡើងនៅលើទឹកដីអឺរ៉ុប។ ដូច្នេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO រឹតតែមិនអាចនៅស្ងៀម ដោយត្រូវធ្វើ យ៉ាងណា ផ្ដល់មេរៀនដ៏ឈឺចាប់មួយដល់រុស្ស៉ី ចំពោះការបំផ្លាញសន្តិភាពនៅអឺរ៉ុបដែលមានអាយុកាលជិត ៨ទសវត្សរ៍មកនេះ។

តែផ្ទុយទៅវិញ បណ្ដាប្រទេសមួយចំនួន, ជាពិសេស សហរដ្ឋអាមេរិកបានធ្វើសកម្មភាពដែលគេពិបាកយល់ទៅវិញ។ មន្ត្រីរដ្ឋបាលលោក ចូ បៃដិន មិនបានបង្ហាញការសាទរទេ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានប្រកាសពីបំណងបោះបង់ចោលមហិច្ឆតាចូលជាសមាជិក NATO និងប្រកាន់ជំហរអព្យាក្រឹតរបស់អ៊ុយក្រែន ជាថ្នូរទៅនឹងការធានាសន្តិសុខ។ ការធានាថាអ៊ុយក្រែននឹងមិនចូលជាសមាជិក NATO គឺជាសំណើ ដ៏សំខាន់មួយរបស់រុស្ស៉ី មុនសង្រ្គាមផ្ទុះឡើង ហើយការបញ្ជាក់របស់លោក ហ្សេលេនស្គី ត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវឆ្ពោះទៅរក កិច្ចព្រមព្រៀងសន្តិភាព ខណៈរុស្ស៉ីក៏ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តបន្ធូរបន្ថយប្រតិបត្តិការយោធានៅជុំវិញរដ្ឋធានីកៀវ និងតំបន់ដទៃ នៅភាគខាងជើងប្រទេសអ៊ុយក្រែនផងដែរ។

ជាធម្មតា និយាយដល់រឿងនេះ មេដឹកនាំអាមេរិកគួរតែបង្ហាញពីជំហរគាំទ្រការប្រកាសរបស់អ៊ុយក្រែនដោយត្រង់ៗ ដើម្បីជួយពន្លឿនការបញ្ចប់សង្រ្គាម។ ប៉ុន្តែ រដ្ឋបាលលោក ចូ បៃដិនមិនបានធ្វើបែបនេះទេ ហើយលោក បៃដិនផ្ទាល់ថែមទាំងថ្លែងសុន្ទរកថាមួយចំនួនបង្កឱ្យមានការព្រួយបារម្ភថាសង្រ្គាមនឹង ផ្ទុះឡើងកាន់តែខ្លាំង។ តួយ៉ាងកាលពីចុងខែមីនាកន្លងទៅ, នាឱកាសជួបសំណេះសំណាលជាមួយកងទ័ពអាមេរិកនៅលើទឹកដីប៉ូឡូញ លោក បៃដិន បាននិយាយដោយឥតលាក់លៀមថាលោក ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀតនោះទេ ដោយការលើកឡើងបែបនេះត្រូវបានវិមានក្រឹមឡាំង បកស្រាយថាជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោក ពូទីន។ ខាងសេតវិមាន និងក្រុមមន្ត្រីអាមេរិកចេញមុខបកស្រាយការលើកឡើងនេះ តែការប្រើ វោហារប្រឆាំងលោក ពូទីនត្រង់ៗពីសំណាក់លោក បៃដិន បូករួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើរុស្ស៉ី ត្រូវបានគេមើលឃើញថាហាក់ដូចជា ស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិករូបនេះដែរ។

បើតាមអ្នកជំនាញមកពីវិទ្យាស្ថាន Cato មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក ធេត ហ្កាលែន ខាផិនធឺ (Ted Galen Carpenter), ការលើកឡើងរបស់ លោក បៃដិន គួបផ្សំជាមួយការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច រួមទាំងពួកអភិជន និងឥស្សរជនជាន់ខ្ពស់រុស្ស៉ីគឺជាការព្យាយាមបោះជំហានមួយទៅរកការទម្លាក់ លោក ពូទីនពីអំណាច ហើយគំនិតបែបនេះលេចឡើងកាន់តែច្បាស់ នៅពេលលោក បៃដិនអំពាវនាវឱ្យមានការកាត់ទោសលោក ពូទីន ពីបទ «ឧក្រិដ្ឋកម្មសង្រ្គាម» ក្រោយមានសេចក្ដីរាយការណ៍ពីការសម្លាប់រង្គាលជនស៊ីវិលអ៊ុយក្រែន នៅក្នុងទីក្រុងប៊ូចា។ ចង់ធ្វើបែបនេះបាន ទាល់តែលោក ពូទីនអស់អំណាចជាមុនសិន។

ម្លោះហើយ ការជួយឱ្យអ៊ុយក្រែនមានសមត្ថភាពតស៊ូប្រយុទ្ធជាមួយរុស្ស៉ីកាន់តែយូរ អាមេរិកនឹងចំណេញកាន់តែធំ រីឯរុស្ស៉ីខាតកាន់តែច្រើន។ ពីព្រោះថា មធ្យោបាយតែមួយគត់ដែលជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំវិមានក្រឹមបាន លុះត្រាតែរុស្ស៉ីចាញ់នៅក្នុងសង្រ្គាមអ៊ុយក្រែន នោះប្រជាប្រិយភាព និងអំណាចរបស់លោក ពូទីន នៅក្នុងចំណោមអ្នកនយោបាយ និងអភិជនរុស្ស៉ី អាចនឹងរង្គោះរង្គើរ។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្វីដែលគេបារម្ភគឺថាប្រសិន បើមិនអាចសម្រេចគោលដៅបាន តើលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរឬទេ? នេះទើបជាការបារម្ភពិតប្រាកដ៕

ប្រភព៖ វិទ្យាស្ថាន Cato (ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២)