(ប៉ារីស)៖ នាយករដ្ឋមន្រ្តីបារំាង លោក ហ្សង់ កាស់ស្តិច (Jean Castex) បាននិយាយនៅថ្ងៃអង្គារនេះថាគណៈរដ្ឋមន្ត្រីរបស់លោក នឹងលាលែងចេញពីតំណែង ប្រសិនបើលោក អេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជាប្រធានាធិបតីបន្តទៀត ក្នុងគោលបំណងផ្ដល់នូវ «កម្លាំងចលករថី្មមួយ» សម្រាប់គណបក្សរបស់លោកម៉ាក្រុង នៅមុនការបោះឆ្នោតសភាចូលមកដល់ នៅខែមិថុនាខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់វិទ្យុបារាំងហ្រ្វង់ អាំងទែរ (France Inter) លោក Castex បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើលោក ម៉ាក្រុង ជាប់ឆ្នោតជាថ្មីម្តងទៀត នោះនៅថ្ងៃបន្ទាប់ ខ្ញុំនឹងដាក់លិខិតលាលែងពីតំណែងជូនលោកប្រធានាធិបតី ហើយបន្ទាប់មកទើបដល់វេន គណៈរដ្ឋមន្ត្រីរបស់ខ្ញុំ»។ លោកបន្ថែមថារូបលោកស្ថិតក្នុងចំណោមមនុស្ស ដែលគិតថាគួរតែមាន «កម្លាំងចលករថ្មីមួយ» នៅក្រោយ លោកប្រធានាធិបតី (ម៉ាក្រុង) ជាប់ឆ្នោតជាថ្មី»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង នឹងត្រូវប្រឈមមុខនឹងលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ នៅថ្ងៃទី២៤ ខែមេសានេះ៕