(ម៉ាឌ្រីដ)៖ ប្រភពពីរដ្ឋាភិបាលអេស៉្បាញផ្ទាល់ បានឱ្យដឹងនាថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) នឹងធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

តាមរយៈដំណើរទស្សនកិច្ចនេះ លោក Sanchez នឹងដើរតាមជំហានរបស់ ក្រុមមេដឹកនាំប្រទេសអឺរ៉ុបមួយចំនួនទៀត ដូចជាអង់គ្លេស ឆែក ប៉ូឡូញ ឡេតូនី លីទុយអានី និងអេស្តូនី ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប ដែលបានធ្វើដំណើរទៅកាន់អ៊ុយក្រែន គិតចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ី ដើម្បីបង្ហាញពីការគាំទ្រនិងសាមគ្គីភាពចំពោះ ប្រធានាធិបតីក៏ដូចជាប្រជាជនអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Sanzhez ក៏បានប្រកាសពីការត្រៀមបើកដំណើរការឡើងវិញ នៃស្ថានទូតអេស៉្បាញនៅទីក្រុងកៀវផងដែរ បន្ទាប់ពីបានបិទទ្វារតាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក៕