(បាកដាដ)៖ រដ្ឋាភិបាលទីក្រុងបាកដាដ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ការបើកប្រតិបត្តិការយោធារបស់តួកគី នៅតំបន់ភាគខាងជើងប្រទេសអ៉ីរ៉ាក់ថាជា ការរំលោភបំពានអធិបតេយ្យភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានប្រកាសពីការបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ PKK ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៉ីរ៉ាក់។ បើតាមយោធាតួកគី ប្រតិបត្តិការនោះ មានគោលដៅលើក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់មេទីណា (Metina), ហ្សាប (Zap), និងអាវ៉ាស៉ីន-បាស៉ីយ៉ាន (Avasin-Basyan) របស់អ៉ីរ៉ាក់។

យ៉ាងណាមិញ ក្រសួងការបរទេសអ៉ីរ៉ាក់ បានចេញមុខថ្កោលទោស ការបើកប្រតិបត្តិការយោធាខាងលើរបស់តួកគី នៅលើដែនដីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់អ៉ីរ៉ាក់ បានសង្កត់ធ្ងន់ថា អ៉ីរ៉ាក់មិនគួរក្លាយជាសង្វៀនសម្រាប់ជម្លោះ និងការប្រយុទ្ធសងសឹកគ្នា រវាងភាគីខាងក្រៅនោះឡើយ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធឃើដ PKK ធ្លាប់បានធ្វើសកម្មភាពប្រយុទ្ធតស៊ូជាមួយ រដ្ឋាភិបាលតួកគី អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងត្រូវបានចាត់ទុកជា អង្គការភេរវករដោយទីក្រុងអង់ការ៉ា។ កន្លងមកនេះ តួកគីបានបើកប្រតិបត្តិការយោធាច្រើនលើក ចូលទៅកាន់អ៉ីរ៉ាក់និងស៉ីរី ដើម្បីវាយលុកលើក្រុមឃើដ PKK៕