(កៀវ)៖ រុស្ស៉ី នៅថ្ងៃអង្គារនេះបានអំពាវនាវជាថ្មីឱ្យកងទ័ពអ៊ុយក្រែន និងក្រុមអ្នកប្រយុទ្ធបរទេសដែលកំពុងសំងំលាក់ខ្លួននៅក្នុង រោចក្រអាហ្សូវស្ដល់ (Azovstal) នៃទីក្រុងមារីយូប៉ូល (Mariupol) ទម្លាក់អាវុធសុំចុះចាញ់ឱ្យបានមុនថ្ងៃរសៀលនេះ (ម៉ោងនៅមូស្គូ) ប្រសិនបើពួកគេចង់មានជីវិតរស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ទីក្រុងម៉ារីយូប៉ូល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ និងទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំពីការវាយប្រហារពីសំណាក់កងទ័ពរុស្ស៉ី ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ អាជ្ញាធរអ៊ុយក្រែន កាលពីថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថាជនស៊ីវិលមិនតិចជាង ១,០០០នាក់ទេ កំពុងលាក់ខ្លួននៅក្រោមលេណដ្ឋានក្រោមដីនៅក្នុង រោងចក្រ Azovstal ហើយក៏បានបដិសេធហើយដែរថាកងទ័ពអ៊ុយក្រែននឹងមិនទម្លាក់អាវុធសុំចុះចាញ់ឡើយ។

យ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៉ីជាថ្មីម្ដងទៀត នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យកងទ័ពអ៊ុយក្រែន និងក្រុមអ្នកប្រយុទ្ធ បរទេសដែលកំពុងស្ថិតនៅក្នុងខាងក្នុងរោងចក្រ Azovstal ចុះចាញ់។ «អ្នកដែលទម្លាក់អាវុធសុំចុះចាញ់នៅមុនថ្ងៃរសៀលនេះ នោះ ពួកគេនឹងអាចនៅរស់មានជីវិត»។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៉ី។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីបានអះអាងថារុស្ស៉ីបានចាប់ផ្ដើមបើកការវាយលុកលើ តំបន់ដុនបាស់ នៃភាគខាងកើតប្រទេសហើយ ដែលនេះត្រូវបានលោកផ្ទាល់ហៅថាជាការដំណាក់កាលទី២ នៃសង្រ្គាមរបស់លោក ពូទីន៕