(ប៉េកាំង)៖ តាមទិន្នន័យសេដ្ឋកិច្ចជាតិក្នុងត្រីមាសទីមួយឆ្នាំ២០២២ ដែលរដ្ឋាភិបាលចិនបានប្រកាស នៅថ្ងៃទី១៨ ខែមេសា បង្ហាញឱ្យឃើញថា គណនាជាបឋម ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយ មានចំនួនជាង២៧ទ្រីលានប្រាក់យាន់ចិន បើគណនាដោយមិនប្ដូរតម្លៃ នោះបានកើនឡើង៤.៨ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីមួយឆ្នាំ២០២១។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន បានប្រើពាក្យថា «លើសពីការប៉ាន់ប្រមាណទុកជាមុន» មកពិពណ៌នាចំពោះកំណើននេះ។

ប្រឈមនឹងភាពស្មុគស្មាញនិងតឹងរ៉ឹងនៃសភាពការណ៍អន្តរជាតិ និងការសាកល្បងជាច្រើន ដែលបង្កដោយការរីករាលដាល នៃជំងឺឆ្លងក្នុងស្រុក កំណើន៤.៨ភាគរយនេះ គឺទទួលបានមកដោយមិនងាយទេ។ ការវិនិយោគទ្រព្យសម្បត្តិថេរទូទាំងប្រទេសចិន បានកើនឡើង៩.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ បរិមាណលក់រាយសរុបនៃទំនិញប្រើប្រាស់សង្គម បានកើនឡើង៣.៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ទំហំសរុបខាងការនាំចេញនាំចូលទំនិញ បានកើនឡើង១០.៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។ល។ មើលសរុបទៅ សេដ្ឋកិច្ចប្រទេសចិនក្នុងត្រីមាសទីមួយ បន្តនិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ បានដំណើរការក្នុងចន្លោះដ៏សមរម្យ ដែលបានបំពេញបន្ថែមនូវលក្ខណៈនឹងនរ ដល់សេដ្ឋកិច្ចពិភពលោក ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ។

តើភាពនឹងនរមកពីកន្លែងណា? មួយផ្នែក គឺមកពីរដ្ឋាភិបាលចិនបានខិតខំគ្រោងផែនការបង្ការ និងគ្រប់គ្រង់ស្ថានការណ៍ជំងឺរីករាលដាល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ចាប់ពីការអនុវត្តន៍គោលនយោបាយ អាចបង្វិលសងវិញនូវពន្ធអាករលើតម្លៃបន្ថែមក្នុងទ្រង់ទ្រាយធំ ដល់ការប្រើប្រាស់ប័ណ្ណបំណុលរដ្ឋាភិបាលឱ្យបានល្អ ដើម្បីពង្រីកការវិនិយោគដ៏មានប្រសិទ្ធិភាព រហូតដល់ការប្រើប្រាស់ដោយសមរម្យនូវគោលនយោបាយរូបិយវត្ថុ នៅពេលថ្មីៗនេះ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើន សម្រាប់លំនឹងសេដ្ឋកិច្ចជាញឹកញាប់ ជាពិសេស ដៅចំពោះតួអង្គសំខាន់ៗក្នុងទីផ្សារ ដែលរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បានបង្កើនកម្លាំងធានាដែលមានការបន្ធូរបន្ថយភាពក្រីក្រ និងធានាបាននូវឱកាសការងារជាដើម ជួយដល់សេដ្ឋកិច្ចប្រទេសចិនឱ្យដើរទៅមុខប្រកបដោយស្ថិរភាព ។

មួយផ្នែកទៀត សហគ្រាសចិនកំពុងខំប្រឹងពង្រីកឧត្តមភាពរបស់ខ្លួនដើម្បីជំរុញការអភិវឌ្ឍ ជាពិសេសគឺប្រកាន់ខ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលជំរុញដោយការច្នៃប្រឌិតថ្មី។

ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិនលើកទី១៣១ ដែលកំពុងបើកធ្វើនៅក្រុងហ្វាងចូវប្រទេសចិន ក៏ជាបង្អួចមួយរបស់ប្រទេសចិន ដែលចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកផងដែរ។ ពិព័រណ៍ទំនិញនាំចូលនៃពិព័រណ៍ទំនិញនាំចេញនាំចូលលើកនេះ បានទាក់ទាញសហគ្រាសបរទេសចំនួន៤០២ ដែលមកពីប្រទេសនិងតំបន់ចំនួន៣២មកចូលរួម។ ឆ្នាំងបាយអគ្គីសនីរបស់ជប៉ុន ទឹកថ្នាំការពារមូសរបស់ថៃ និងទឹកយិនសិនរបស់កូរ៉េខាងត្បូង។ល។ ទីផ្សារចិនកំពុងក្លាយជា «ទីផ្សារពិភពលោក» ជាសន្សឹមៗ។

តាំងពីខែមីនាឆ្នាំ២០២២មក ដោយសារកត្តាកើតមានជាយថាហេតុក្នុងស្រុកនិងអន្តរជាតិ បានលើសពីការប៉ាន់ប្រមាណទុកជាមុន បានជាកំណើននៃសន្ទស្សន៍សំខាន់ៗមួយចំនួនខាងសេដ្ឋកិច្ចប្រទេសចិន បានបង្អង់ល្បឿន សម្ពាធដែលសេដ្ឋកិច្ចធ្លាក់ចុះ មានការកើនឡើង។ ប៉ុន្តែបើមើលពីពេញមួយឆ្នាំ សេដ្ឋកិច្ចនៃប្រទេសចិនមានសង្ឃឹម អាចរក្សានិន្នាការអភិវឌ្ឍន៍ងើបឡើងវិញ ពីព្រោះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចប្រទេសចិន ដែលស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ លក្ខណៈនៃសេដ្ឋកិច្ចចិន ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្លាំង ភាពធន់គ្រប់គ្រាន់ និងចន្លោះអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ក៏មិនកែប្រែផងដែរ។

«តម្កល់ទុកភាពនឹងនរជាចម្បង អភិវឌ្ឍដោយឈរលើភាពនឹងនរ» ប្រទេសចិនមានសមត្ថភាព និងមានលក្ខខណ្ឌយកឈ្នះលើ ការលំបាកនិងការសាកល្បងទាំងឡាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ បន្តធ្វើជា «ម៉ាស៊ីនលំនឹងនៃសេដ្ឋកិច្ចពិភពលោក» តទៅទៀត៕

☼លោកអ្នកក៏អាចតាមដានព័ត៌មានថ្មីៗនៃ CCFR តាមរយៈ link ខាងក្រោម៖
website៖ http://cambodian.cri.cn/
Apple Store៖ https://apps.apple.com/cn/app/ccfr/id1221735749
Huawei Store៖ https://sourl.cn/ZxaH5a