(វែលីងតោន)៖ នូវែលសេឡង់នៅថ្ងៃអង្គារនេះ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីទៀត ដោយកំណត់គោលដៅលើធនាគារ ក៏ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុធំៗបំផុតរបស់រុស្ស៉ី ជាការឆ្លើយតបចំពោះវិបត្តិសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ការបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីខាងលើ ត្រូវបានប្រកាសដោយ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណាណាអៀ ម៉ាហ៊ូតា (Nanaia Mahuta) ហើយលោកស្រីបានអះអាងថា នូវែលសេឡង់នឹងបន្តថ្កោលទោសសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងគាំទ្រចំពោះ ការស៉ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញអំពើឃោរឃៅនានា ដែលបានប្រព្រឹត្តប្រឆាំងលើ ប្រជាពលរដ្ឋស្លូតត្រង់នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោកស្រី Mahuta ក្នុងទណ្ឌកម្មខាងលើ ធនាគារកណ្តាលរុស្ស៉ី និងមូលនិធិវិនិយោគរបស់រដ្ឋាភិបាលរុស្ស៉ី ស្ថិតនៅក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុស្នូលចំនួន៣ របស់រដ្ឋាភិបាលទីក្រុងមូស្គូ ដែលរងការប៉ះពាល់។ ក្រៅពីនេះ ធនាគារធំៗបំផុតចំនួន៨ របស់រុស្ស៉ី និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ទៀត ដែលជាប់ពាក់ព័ន្ធជាមួយមហាសេដ្ឋីរុស្ស៉ី, ជាមួយវិស័យការពារជាតិរុស្ស៉ី និងជាមួយការកាត់យកតំបន់គ្រីមៀ ក៏ជាគោលដៅដូចគ្នាផងដែរ៕