(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា មន្រី្តសម្របសម្រួលរបស់ខ្លួនប្រចាំឥណ្ឌូប៉ាស៊ីហ្វិកគឺ លោក ឃឺត ខេមប៊ែល (Kurt Campbell) រួមទាំងមន្រ្តីកំពូលនៃក្រសួងការបរទេសអាមេរិក សម្រាប់កិច្ចការអាស៊ី នឹងធ្វើដំណើរទៅកាន់ ប្រទេសដែនកោះ សូឡូម៉ុន (Solomon) ស្របពេលដែល មានព្រួយបារម្ភថា ប្រទេសដែនកោះប៉ាស៊ីហ្វិកមួយនេះ កំពុងគ្រោងចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, លោក Campbell រួមទាំង ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក គឺលោក ដាយនីញ៉ែល គ្រីតធិនប្រ៊ីង (Daniel Kritenbrink) នឹងដឹកនាំគណៈប្រតិភូ ដែលរួមមានទាំងមន្រ្តីមកពី ក្រសួងការពារជាតិ និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ ធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ គឺ សូឡូម៉ុន (Solomon), ហ្វីជី (Fiji) និង ប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea)។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា គណៈប្រតិភូជាន់ខ្ពស់អាមេរិក ក៏គ្រោងនឹងជួបពិគ្រោះយោបល់ជាមួយ មន្រ្តីយោធាជាន់ខ្ពស់ និង ដៃគូក្នុងតំបន់ នៅឯបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅលើកោះ ហាវ៉ៃ (Hawaii) ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទលម្អិត នៃគម្រោងទស្សនកិច្ចនេះឡើយនោះទេ។

ដោយឡែក ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បានថ្លែងយ៉ាងដូច្នេះ ថា ក្តីបារម្ភអំពីកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន នឹងស្ថិតក្នុងចំណោមប្រធានបទ ដែលត្រូវលើកយកមកពិភាក្សា ជាមួយមន្រ្តីនៃប្រទេស Solomon។ លោកបន្ថែមថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ប៉ាស៉ីវហ្វិក គឺធានាឲ្យប្រទេសនានា យល់អំពីអត្ថប្រយោជន៍ នៃការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ហើយមិនមែនផ្តោតលើប្រទេសចិនទេ ឬប្រទេសណាមួយផ្សេងឡើយ។

គួរបញ្ជាក់ កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក បានប្រកាសថានឹងបើកស្ថានទូតរបស់ខ្លួននៅលើសូឡូម៉ុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល លោក បៃដិនដើម្បីផ្តល់នូវធនធានផ្នែកការទូត និងសន្តិសុខបន្ថែមទៀត ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន។ ដំណឹងនៃគម្រោងចុះកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខរវាងចិន-សូឡូម៉ុន បានទទួលរងនូវការជំទាស់ជាខ្លាំង ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលបានអះអាងថា វាអាចបង្ករអសន្តិសុខក្នុងតំបន់៕