(សៀងហៃ)៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ពី ករណីស្លាប់ថ្មីៗនៃជំងឺ COVID-19 ចំនួន៧នាក់បន្ថែមទៀត ក្នុងទីក្រុងសៀងហៃ បន្ទាប់ពីទើបរាយការណ៍ករណីស្លាប់៣នាក់ដំបូង កាលពីថ្ងៃចន្ទម្សិលមិញ គិតចាប់តាំងពីការបិទខ្ទប់សៀងហៃ កាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

អាជ្ញាធរសុខាភិបាលក្រុងសៀងហៃ បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់នោះ មានវ័យចន្លោះ៦០-១០១ឆ្នាំ ហើយសុទ្ធតែមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ជាដើម។ ជាមួយគ្នានេះ ករណីឆ្លងថ្មីៗចំនួនជាង ២០,០០០នាក់ ភាគច្រើនជាករណីមិនចេញរោគសញ្ញា ក៏ត្រូវបានរាយការណ៍ នៅទីក្រុងសៀងហៃផងដែរ។

គួរបញ្ជាក់ថា ប្រជាជនចិនប្រមាណ២៥លាននាក់ នៅក្នុងទីក្រុងសៀងហៃ ភាគច្រើនត្រូវបានតម្រូវមិនឱ្យចេញពីផ្ទះ ចាប់តាំងតែពីខែមីនាមក ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃបានលោតដល់លើស ២៥,០០០នាក់ ដែលជាចំនួនមិនសូវជាច្រើនប៉ុន្មាននោះឡើយ បើតាមស្តង់ដារសកល ប៉ុន្តែជាតួលេខដ៏ខ្ពស់មួយសម្រាប់ប្រទេសចិនផ្ទាល់៕