(ឌូបៃ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៊ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បាននិយាយនៅក្នុងពិធីធ្វើព្យុហយាត្រាយោធាមួយ នៅថ្ងៃចន្ទនេះថា កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ នឹងកំណត់គោលដៅចំចំណុចកណ្ដាលអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលហ៊ានធ្វើ «ចលនាតិចតួចក៏ដោយ» ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

លោក Ebrahim Raisi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ប្រសិនបើអ្នកហ៊ានធ្វើចលនាតែបន្តិចក៏ដោយ ប្រឆាំងនឹងជាតិរបស់យើង... ទិសដៅកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងសំដៅចំចំណុចកណ្ដាលនៃប្រទេសអ៉ីស្រាអែល»។ លោកប្រធានាធិបតីអ៉ីរ៉ង់ បានថ្លែងបែបនេះ កំលុងពិធីព្យុហយាត្រាយោធាមួយ ដើម្បីអបអរទិវាកងទ័ពរបស់ប្រទេសអ៉ីរ៉ង់។

អ៊ីស្រាអែលវិញ ដែលត្រូវគេជឿថា ជាប្រទេសតែមួយគត់នៅតំបន់មជ្ឈិមបូព៌ា ដែលមានអាវុធនុយក្លេអ៊ែរ បាននិយាយថា ខ្លួននឹងមិនត្រូវចងភ្ជាប់ដោយ កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយឡើយ ហើយនៅទីបំផុតអាចនឹងធ្វើសកម្មភាពដោយឯកតោភាគី លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់៕