(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីនាថ្ងៃចន្ទនេះ បានឱ្យដឹងថា តួកគីបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ឆ្លងចូលទៅក្នុងតំបន់ភាគខាងជើងប្រទេសអ៉ីរ៉ាក់ ដោយមានគោលដៅលើក្រុមសកម្មប្រយុទ្ធឃើដ PKK។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិតួកគី លោក ហ៊ូលូស៉ី អាការ (Hulusi Akar) បានថ្លែងថា ប្រតិបត្តិការខាងលើ រួមមាននូវការធ្វើសកម្មភាពដោយ ក្រុមយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងដ្រូន តាមផ្លូវអាកាស ព្រមទាំងការវាយលុកតាមផ្លូវគោក ដោយក្រុមកូម៉ង់ដូពិសេសតួកគី។ ទីក្រុងអង់ការ៉ាបានអះអាងថា ប្រតិបត្តិការកំពុងប្រព្រឹត្តទៅដោយជោគជ័យ តាមការគ្រោងទុក ដោយមូលដ្ឋានជាច្រើនរបស់ក្រុម PKK នៅតាមបណ្តោយព្រំប្រទល់ភាគខាងជើងអ៉ីរ៉ាក់ ត្រូវបានកម្ទេច។

លោករដ្ឋមន្រ្តីការពារជាតិតួកគី បានបន្ថែមថា កងទ័ពតួកគីមានគោលដៅតែលើក្រុមភេរវករប៉ុណ្ណោះ ហើយប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបញ្ចៀសការបាត់បង់ជីវិតជនស៉ីវិល និងការខូចខាតចំពោះសម្បត្តិវប្បធម៌ផ្សេងៗ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ PKK ដែលមានគោលដៅតស៊ូចង់បាន ឯករាជ្យឱ្យជនជាតិឃើដនោះ បានធ្វើសកម្មភាពប្រឆាំងនឹងតួកគី តាំងតែពីឆ្នាំ១៩៨៤មកម៉្លេះ ដែលគិតមកទល់ឥឡូវ បញ្ហាជម្លោះនេះបានផ្តាច់ជីវិតមនុស្សសរុបជាង ៤០,០០០នាក់។ កន្លងមកតួកគី បានបើកប្រតិបត្តិការយោធាជាច្រើន ប្រឆាំងលើក្រុម PKK ដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៉ីរ៉ាក់ និងបានប្រើប្រាស់ដែនដីនៅទីនោះ ដើម្បីធ្វើសកម្មភាពលើតំបន់ខាងកើតរបស់តួកគី។ ក្រុមឃើដ PKK ក៏ត្រូវបានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ចាត់បញ្ចូលក្នុងបញ្ជីក្រុមភេរវករផងដែរ៕