(វ៉ាស៊ីនតោន)៖ លោក គ្រីស ឃូនស៍ (Chris Coons) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាអ្នកនយោបាយ មួយរូប មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងពីគំនិតដាក់ពង្រាយកងទ័ពអាមេរិក ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៉ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក Coons លើកឡើងដូច្នេះថា «ប្រជាជនអាមេរិក មិនអាចងាកចេញពីសោកនាដកម្មដែលកំពុងកើតមាននៅអ៊ុយក្រែនទេ។ ខ្ញុំគិតថាប្រវត្តិសាស្រ្តនៃស.វទី២១ នឹងបង្ហាញថាយើងប្រឹងប្រែង ការពារសេរីភាពនៅអ៊ុយក្រែនដល់កម្រិតណា ហើយលោកពូទីន នឹងមិនអាចឈប់ទេ ដរាបណាយើងមិនបញ្ឈប់លោក»

ដោយឡែក នៅពេលពិធីការិនី សួរអំពីការអត្ថាធិប្បាយរបស់លោក ក្នុងការអំពាវនាវឲ្យមេដឹកនាំអាមេរិក ពិចារណាដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន លោក Coons បន្ថែមថា «អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងពិចារណាលើកម្រិតនៃសកម្មភាព របស់កងកម្លាំងរុស្ស៉ី។ រីឯ លោក បៃដិន និងសម្ព័ន្ធមិត្តលោកខាងលិច នាពេលកន្លងទៅបានរួមគ្នាដាក់ទណ្ឌកម្មខ្លាំងក្លា លើប្រទេសរុស្ស៉ី ប៉ុន្តែ សកម្មភាពឆ្លើយតបជាក់ស្តែងថែមទៀត គឺអាស្រ័យលើទង្វើរបស់លោក ពូទីន »

លោកបានសង្កត់ធ្ងន់ទៀតថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្វីដែលនឹងអាចកើតឡើង គឺអ៊ុយក្រែនអាចមានវាសនាដូចជាប្រទេសស៊ីរី បច្ចុប្បន្ន ដែលលោកហៅថា ស៊ីរីនៃអឺរ៉ុបខាងកើត ដូច្នេះអាមេរិក និងណាតូ ចាំបាច់ត្រូវតែចូលមកជួយអ៊ុយក្រែន»

គួររបញ្ជាក់ថា លោក Chris Coons ត្រូវបានកាសែត New York Times ពិពណ៌នាថាជា «ភ្នែក និងត្រចៀក» របស់លោក បៃដិន ហើយលោក ជាបុគ្គលមួយរូបដែលកម្រនឹងមានទស្សនៈផ្ទុយពីលោក បៃដិន ណាស់ ដូច្នេះវោហាសាស្ត្ររបស់លោក នៅពេលនេះបានធ្វើឱ្យមានការបារម្ភ អំពីអ្វីដែលអគ្គមេបញ្ជាការយោធាអាមេរិករូបនេះ អាចនឹងធ្វើការពិចារណា ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕