(សេអ៊ូល)៖ ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) បានធ្វើដំណើរមកដល់ទីក្រុងស៊េអូល ហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកកិច្ចសន្ទនាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក ជុំវិញការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង នៅចំពោះមុខការព្រួយបារម្ភថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

លោក Sung Kim និងអនុប្រធានរបស់លោក គឺលោកស្រី ជុង ផាក (Jung Pak) នឹងត្រូវជួបពិភាក្សាការងារជាមួយមន្ត្រីកូរ៉េខាងត្បូងក្នុងនោះ រួមមានប្រេសិតទទួលបន្ទុកកិច្ចការនុយក្លេអ៊ែរ លោក ណុះ គ្យូ ឌូក (Noh Kyu-duk) កំលុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ របស់អ្នកទាំង២។

បន្ថែមពីលើនេះ ដំណើរទស្សនកិច្ចរបស់លោក Sung Kim ធ្វើឡើងនៅចំពេលយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើម ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំមានរយៈពេល ៩ថ្ងៃ។ ប៉ុន្តែ កូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នានេះដោយចាត់ទុក ថាវាជាការត្រៀមលក្ខណៈបង្កសង្រ្គាម។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះពិនិត្យការធ្វើតេស្តសព្វាវុធយុទ្ធសាស្រ្តប្រភេទថ្មីមួយ ដែលមានគោលដៅពង្រឹងសមត្ថភាពនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងថា ការធ្វើតេស្តសព្វាវុធចុងក្រោយបំផុតនោះ មានសារសំខាន់ជាខ្លាំងក្នុងការធ្វើឱ្យ ប្រសើរឡើង នូវសមត្ថភាពប្រយុទ្ធរបស់ កងកម្លាំងផ្លោងគ្រាប់រយៈចម្ងាយឆ្ងាយ ដែលនៅជួរមុខ ហើយពង្រឹងប្រសិទ្ធភាព នៃប្រតិបត្តិការរបស់អាវុធនុយក្លេអ៊ែរ។

យ៉ាងណាក្តី KCNA មិនបានបង្ហើបប្រាប់ពីទីតាំង, ព័ត៌មានលម្អិតពាក់ព័ន្ធនឹងមីស៉ីល ឬក៏ពេលវេលានៃការធ្វើតេស្តឡើយ ក្រៅតែពីបញ្ចេញ រូបភាពមួយចំនួន ខណៈកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងនៅតែអាចប្រារព្ធព្យុហយាត្រាយោធា ឬសាកល្បងអាវុធជាថ្មីទៀត នៅថ្ងៃទី២៥ ខែមេសា ឬក្បែរៗនោះ ដែលត្រូវជាខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង៕