(កាប៊ុល)៖ ធនាគារកណ្តាលរបស់អាហ្វហ្គានីស្ថានបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថានបានទទួលជំនួយមនុស្សធម៌ជាសាច់ប្រាក់ចំនួន ៣២លានដុល្លារអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសក្រោយសង្រ្គាមមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

ធនាគារកណ្តាលអាហ្វហ្គានីស្ថាន (DAB) បាននិយាយនៅលើ Twitter ថា «បន្ទាប់ពីជំនួយមនុស្សធម៌ជាបន្តបន្ទាប់ដល់អាហ្វហ្គានីស្ថាន សាច់ប្រាក់ចំនួន ៣២លានដុល្លារ បានមកដល់អាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២២»

គួរបញ្ជាក់ថា ចាប់តាំងពីពួកតាលីបង់ឡើងកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន កាលពីពាក់កណ្តាលខែសីហាឆ្នាំមុន សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាង ០៩ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យខូចយ៉ាងខ្លាំង ដល់ប្រព័ន្ធធនាគារនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ៕