(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃសៅរ៍នេះ បានប្រកាសហាមឃាត់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss រដ្ឋមន្ត្រីការពារជាតិ លោក Ben Wallace និងអ្នកនយោបាយ ១០ នាក់ទៀត ព្រមទាំងសមាជិកដទៃទៀត នៃរដ្ឋាភិបាលអង់គ្លេសមិនឱ្យចូលប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះធ្វើឡើងដើម្បីជាការឆ្លើយតបនឹងសកម្មភាពអរិភាព ដែលមិនធ្លាប់មានពីមុនពីសំណាក់រដ្ឋាភិបាលអង់គ្លេសចំពោះប្រទេសរុស្ស៊ី ជាពិសេសការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដោយបន្ថែមថា ខ្លួននឹងពង្រីកបញ្ជីបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

វិមានក្រឹមឡាំងបានពណ៌នា លោក Johnson ដែលជាអ្នកគាំទ្រខ្លាំងបំផុតរបស់អ៊ុយក្រែនថាជា «អ្នកចូលរួមសកម្មបំផុត ក្នុងការប្រឆាំងរុស្ស៊ី»

កាលពីមួយសប្តាហ៍មុន លោក Johnson បានទៅទស្សនកិច្ចនៅទីក្រុងកៀវ ជាកន្លែងដែលលោក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសើរគ្នាទៅវិញទៅមក ចំពោះកិច្ចសហប្រតិបត្តិការរបស់ពួកគេ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូហៅថាជា «ប្រតិបត្តិការពិសេស»៕