(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៨,៤៧៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ១,៣៦១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ១,០៧០ករណី និងខេត្ត Bắc Giang ៨៧៤ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន១០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៤១៧,៨៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨,៩៣១,៣៧៤នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,៩៣៤៕