(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថាការគំរាមកំហែងពីសំណាក់យោធាចិន មកលើកោះតៃវ៉ាន់នឹងមានតែជួយបង្កើនការគាំទ្រ ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយដទៃចំពោះទីក្រុងតៃប៉ិ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់ក្រសួងការបរទេសតៃវ៉ាន់ ធ្វើឡើងបន្ទាប់ពីចិនបានដឹកនាំការធ្វើសមយុទ្ធយោធាជាច្រើននៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ចំពេលប្រតិភូសភាអាមេរិកមួយក្រុមបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ។ ទីក្រុងប៉េកាំង បានថ្កោលទោសប្រតិភូ សភាអាមេរិកថាកំពុងបង្កភាពតានតឹង តាមរយៈការបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់ថា «ការគំរាមកំហែងដោយកម្លាំងបាយពីសំណាក់ រដ្ឋាភិបាលកុម្មុយនិស្ដចិន នឹងមានតែជួយពង្រឹងឆន្ទៈប្រជាជនតៃវ៉ាន់់ក្នុងការការពារសេរីភាព និងប្រជាធិបតេយ្យ ហើយនឹងមានតែជួយបង្កើន ការគាំទ្រពីសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យដទៃចំពោះតៃវ៉ាន់ប៉ុណ្ណោះ»

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល, តៃវ៉ាន់នឹងបន្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យនានា ដើម្បីការពារសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងខ្ទប់ការពង្រីកឥទ្ធិពលចិន៕