(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីពេលថ្មីៗនេះបានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចូលរុស្ស៉ីទៅក្នុងបញ្ជីខ្មៅនៃ «រដ្ឋគាំទ្រភេរវកម្ម»។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន Washington Post នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

សារព័ត៌មាន Washington Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន និងដែលបានដឹងពីកិច្ចសន្ទនារវាងលោក ហ្សេលេនស្គី និងលោក បៃដិន។ ប៉ុន្តែ សេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេជុំវិញសេចក្ដីរាយការណ៍នេះ ខណៈបើតាម Washington Post លោក បៃដិន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ក៏មិនបានសន្យា ឬបង្ហាញការប្ដេជ្ញាចិត្តណាមួយនោះដែរ។

គួរបញ្ជាក់ថា ការចាត់ទុក ឬបញ្ចូលប្រទេសណាមួយទៅក្នុងបញ្ជីគាំទ្រភេរវកម្ម អាចធ្វើឡើងទៅបាន ដរាបណាមានភស្ដុតាងបង្ហាញថាប្រទេស នោះ បានផ្ដល់ការគាំទ្រដល់សកម្មភាពភេរវកម្មអន្តរជាតិ ហើយប្រទេសដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកក្នុងពេលបច្ចប្បន្នរួមមាន កូរ៉េខាងជើង, គុយបា, អ៉ីរ៉ង់ និងស៊ីរី ដែលសុទ្ធសឹងតែជាប្រទេសមានទំនាក់ទំនងល្អជាមួយរុស្ស៉ី៕