(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិន ជិះឡានតាមផ្លូវភ្នំទៅកាន់ភូមិ Maona ដែលជាភូមិជនជាតិ Li នៅ ខេត្ត Hainan។ កាលពី៩ឆ្នាំ មុន លោកប្រធានរដ្ឋ Xi បានលើកឡើងនៅខេត្ត Hainan ថាតើប្រជាជនមានជីវភាពធូរធារបង្គួរ ឬទេ គឺអាស្រ័យលើអ្នកភូមិ។ បច្ចុប្បន្ននេះ ប្រទេសចិនសម្រេចបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ហើយការអភិវឌ្ឍតាមជនបទកំពុងដំណើរការដោយគ្រប់ជ្រុងជ្រោយ លោកក៏នៅតែចង់ចុះសួរសុខទុក្ខអ្នកភូមិ។

នៅក្នុងចិត្តរបស់លោក Xi Jinping បរិស្ថានរស់នៅរបស់បងប្អូនអ្នកភូមិ គឺជាការបង្ហាញអំពីជីវភាពថ្មីនៅជនបទ។ តើភូមិប្រភេទណាដែល យើងចង់កសាង តើត្រូវកសាងយ៉ាងណា វាជាប្រធានបទសំខាន់ដែលលោកយកចិត្តទុកដាក់។ ភូមិ Maona ត្រូវបានហ៊ុព័ទ្ធដោយភ្នំ ផ្ទះសម្បែង នៅតែរក្សាលក្ខណៈជនជាតិ Li ។ ក្នុងការស្តារបរិស្ថានរស់នៅក្នុងពេលនោះ ភូមិ Maona បានអនុវត្តតាមបទបញ្ជារបស់លោកប្រធានរដ្ឋ Xi ក្នុងការកសាងភូមិដោយមិនបានរុះរើផ្ទះមិនកាន់កាប់ដី ឬកាប់ដើមឈើឡើយ។

សព្វថ្ងៃ ពេលដើរលេងក្នុងភូមិនេះ អគារពីរជាន់ពណ៌សមានគ្រឿងសង្ហារិមគ្រប់គ្រាន់ លក្ខខណ្ឌជីវភាពរស់នៅដូចអ្នកភូមិឈ្មោះ Wang Bohe បែបនេះគឺជារឿងធម្មតានៅភូមិ Maona។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍជនបទជាប្រធានបទសំខាន់មួយនៃការចុះត្រួត ពិនិត្យការងាររបស់លោក Xi Jinping ជាពិសេសលោកយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍឧស្សាហកម្មជនបទដែលជាកិច្ចការបន្ទាន់។

ឥឡូវនេះជារដូវកាលបេះ និងផលិតតែ។ កាលពីអតីតកាល អ្នកភូមិដាំតែសម្រាប់ផឹកខ្លួនឯង ប៉ុន្តែឥឡូវនេះតែខ្មៅ Shuiman បានត្រូវដាំយ៉ាង ច្រើន។ មានតែចម្ការតែជាង ៣៨ហិកតា នៅភូមិ Maona មួយឆ្នាំបេះ ១០ខែនៅតែផ្គត់ផ្គង់មិនគ្រប់គ្រាន់។ អ្នកភូមិឈ្មោះ Wang Bohe បានជម្រាបលោកប្រធានរដ្ឋ Xi ដោយមោទនភាពថា ឥឡូវនេះ ពួកយើងក៏មានការយល់ដឹងអំពីផលិតផល ហើយបានចុះបញ្ជីពាណិជ្ជសញ្ញា ផ្ទាល់ខ្លួន និងរចនាសម្បកវេចខ្ចប់តែរបស់ខ្លួន ហើយសម្រេចបានខ្សែចង្វាក់ឧស្សាហកម្មតូចមួយដែលមានការដាំតែ ការបេះតែ ការផលិតតែ និងការលក់តែ។

លោក Xi Jinping បានទិញតែម៉ាក Heru របស់អ្នកភូមិឈ្មោះ Wang Bohe ចំនួនពីរថង់ ហើយបានលើកទឹកចិត្តគាត់ឱ្យធ្វើអាជីវកម្ម ឱ្យបានល្អដើម្បីមានជីវភាពកាន់តែធូរធារ។ លោកប្រធានរដ្ឋ Xi ធ្លាប់បានគូសបញ្ជាក់ថាត្រូវពន្លឿនការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអេកូឡូស៊ី ដែល តម្កល់ការធ្វើឧស្សាហូបនីយកម្មអេកូឡូស៊ី និងធ្វើអេកូឡូស៊ីភាវូបនីយកម្មឧស្សាហកម្មជាតួអង្គសំខាន់ ចំណុចនេះត្រូវបានលេចចេញជារូបរាង ហើយនៅក្នុងភូមិ Maona សព្វថ្ងៃ។

នៅចុងក្រោយ លោក Xi Jinping បានលើកទឹកចិត្តអ្នកភូមិទាំងអស់ឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍជនបទ ហើយកម្មាភិបាលត្រូវលះបង់ កម្លាំងកាយទាំងអស់ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ៕