(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក គួរតែត្រៀមខ្លួន សម្រាប់លទ្ធភាពដែលអាចទៅរួចថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមរបស់នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

ការព្រមានបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ CNN នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៉ី ប្រកាសបង្កើនការវាយប្រហារលើទីក្រុងកៀវជាថ្មី បន្ទាប់ពីនាវាចម្បាំងមួយគ្រឿងរបស់ខ្លួន ត្រូវបានគេរាយការណ៍ថាលិចចូលសមុទ្រ ដោយសារមីស៊ីលរបស់អ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណួរដែលសួរថាតើលោក ពូទីន អាចនឹងប្រើអាវុធគីមី ឬអាវុធនុយក្លេអ៊ែរ ដែរឬក៏យ៉ាងណា? លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «មិនមែនត្រឹមតែខ្ញុំនោះទេ, ពោលគឺប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែបារម្ភចំពោះរឿងនេះ។ វាអាចនឹងមិនមែន ជាព័ត៌មានពិត ប៉ុន្តែវាអាចនឹងក្លាយជាការពិត ហើយយើងគួរតែគិតថាកុំខ្លាច។ កុំខ្លាច, តែត្រូវត្រៀមខ្លួន ហើយវាមិនមែនជាបញ្ហាសម្រាប់តែ អ៊ុយក្រែននោះទេ តែខ្ញុំគិតថាវាជាបញ្ហាសម្រាប់ពិភពលោកទាំងមូល»

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ CNN , លោក ហ្សេលេនស្គី ក៏បានឱ្យដឹងដែរថាកងទ័ពអ៊ុយក្រែនចន្លោះពី ២,៥០០នាក់ ដល់ ៣,០០០នាក់ បានស្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ខណៈជាង ១០,០០០នាក់ផ្សេងទៀតរងរបួស៕