(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណម្នាក់ បាននិយាយថានាវាចម្បាំងរុស្ស៉ី ម៉ូស្វា (Moskva) បានទទួលរងការវាយប្រហារដោយ មីស៊ីល ២គ្រាប់របស់អ៊ុយក្រែន មុននឹងវាលិចចូលសមុទ្រខ្មៅ ហើយបានហៅថានេះជាការបាត់បង់ធំបំផុតសម្រាប់មូស្គូ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

មន្ត្រីអាមេរិកខាងលើ បានទទួលស្គាល់ថាអ៊ុយក្រែនគឺជាអ្នកវាយប្រហារលើនាវាចម្បាំងរុស្ស៉ី ដែលអះអាងថានាវាចម្បាំង Moskva ត្រូវបាន អគ្គីភ័យឆាបឆេះដោយសារការផ្ទុះគ្រាប់នៅលើនោះ ហើយក្រោយមក បានលិចដោយសារព្យុះភ្លៀង ខណៈកំពុងត្រូវបានអូសទៅកាន់ផែ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ, មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យើងបានវាយតម្លៃថានាវាចម្បាំងរុស្ស៉ី រងការវាយប្រហារដោយមីស៊ីលណិបទូន (Neptunes) ចំនួន២គ្រាប់ ដែលជាប្រភេទមីស៊ីលប្រឆាំងនាវាចម្បាំងរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកខាងលើ, ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនលើនាវាចម្បាំង Moskva ក៏បានបង្កឱ្យមានមនុស្ស ស្លាប់ដែរ ប៉ុន្តែវាពិបាកក្នុងការរាប់ចំនួនថាមានប៉ុន្មាននាក់ ខណៈសហរដ្ឋអាមេរិកបានសង្កេតឃើញថាអ្នកនៅរស់រានមានជីវិតត្រូវបានសង្រ្គោះ ដោយនាវាចម្បាំងរុស្សីដទៃ នៅក្នុងតំបន់សមុទ្រខ្មៅ៕