(កៀវ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រាប់ធញ្ញជាតិប្រហែល ១.២៥លានតោននៅលើនាវាពាណិជ្ជកម្ម នៅតែត្រូវបានជាប់គាំងនៅក្នុងកំពង់ផែសមុទ្រអ៊ុយក្រែនដោយសារតែការឈ្លានពានរបស់រុស្ស៊ី ខណៈទំនិញទាំងនោះមួយចំនួន អាចនឹងខូចខាតក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

លោក Solsky បាននិយាយថា «បច្ចុប្បន្នមានកប៉ាល់ចំនួន៥៧គ្រឿង ដែលផ្ទុកគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងចំនួន ១.២៥លានតោន (កំពុងជាប់គាំងនៅកំពុងផែសមុទ្រខ្មៅអ៊ុយក្រែន)»

គួរបញ្ជាក់ថា អ៊ុយក្រែនធ្លាប់តែនាំចេញគ្រាប់ធញ្ញជាតិស្ទើរតែទាំងអស់របស់ខ្លួនតាមរយៈកំពង់ផែសមុទ្រ ហើយឥឡូវនេះត្រូវបានបង្ខំឱ្យស្វែងរកផ្លូវថ្មី ដោយសារកំពង់ផែត្រូវបានរារាំង។

មុនសង្រ្គាម អ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិ និងគ្រាប់ផលិតជាប្រេងរហូតដល់ ៦លានតោនក្នុងមួយខែ ខណៈដែលក្នុងខែមីនាកន្លងទៅការនាំចេញបានធ្លាក់ចុះមកនៅត្រឹម ២០០,០០០តោនប៉ុណ្ណោះ៕