(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថាខ្លួនបានវាយប្រហារលើគោលដៅយោធាមួយ នៅឯជាយទីក្រុងកៀវ ដោយ ប្រើមីស៊ីលគ្រូស ហើយសន្យាថានឹងបង្កើនការវាយប្រហារបន្ថែមលើរដ្ឋធានីនៃប្រទេសអ៊ុយក្រែន ជាការសងសឹកទៅនឹងការវាយប្រហាររបស់ អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់ក្រសួងការពារជាតិរុស្ស៉ី ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ និងបន្ទាប់ពីអ៊ុយក្រែនអះអាងថាបានបាញ់ពន្លិច នាវាចម្បាំងរុស្ស៉ីនៅក្នុងតំបន់សមុទ្រខ្មៅ និងក្រោយមានសេចក្ដីរាយការណ៍ថាឧទ្ធម្ភាគចក្រអ៊ុយក្រែនបានវាយប្រហារលើភូមិ គ្លីម៉ូវ៉ូ (Klimovo) នៃតំបន់ប្រ៊ីយ៉ាន់ (Bryansk) ក្នុងទឹកដីរុស្ស៉ីកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។

បើតាមសេចក្ដីថ្លែងការណ៍ដដែល យោធារុស្ស៉ីបានវាយប្រហារលើរោងចក្រយោធាមួយស្ថិតនៅជាយរដ្ឋធានីអ៊ុយក្រែន ដែលមានតួនាទីផលិត និងជួសជុលមីស៊ីល ក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងនាវាចម្បាំងជាដើម។ មិនតែប៉ុណ្ណោះ មូស្គូក៏បានអះអាងដែរថាកងទ័ពរបស់ខ្លួនបាន វាយគ្រប់គ្រងរោចចក្រ អ៉ីលយីគ (Ilyich) ស្ថិតនៅក្នុងទីក្រុងកំពង់ផែម៉ារីយូប៉ូល។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី ឧទ្ធម្ភាគចក្រអ៊ុយក្រែនធុន Mi-8 ដែលបានវាយប្រហារលើភូមិ (Klimovo) រួមទាំងយន្ដហោះ ចម្បាំង Su-27 មួយគ្រឿងរបស់អ៊ុយក្រែន ក៏ត្រូវបានបាញ់ទម្លាក់ផងដែរ៕