(ប៉េកាំង)៖ ចិនបាននិយាយថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាជាច្រើន នៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ ខណៈប្រតិភូសភាអាមេរិក មួយក្រុម ផ្ដើមបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ដើម្បីបង្ហាញការគាំទ្រដល់តៃវ៉ាន់ បើទោះជាទីក្រុងប៉េកាំងចោទថាដំណើរទស្សនកិច្ចនេះជា ទង្វើបង្ករឿងនាំឱ្យភាពតានតឹងកាន់តែកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការប្រចាំភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថាយោធាចិនបានបញ្ជូន នាវាចម្បាំង, យន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅកាត់តំបន់សមុទ្រចិនខាងកើត និងតំបន់ជុំវិញកោះតៃវ៉ាន់។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដូច្នេះថា «ការធ្វើសមយុទ្ធយោធានេះគឺជាការឆ្លើយតបទៅនឹងការបញ្ជូនសញ្ញាខុសរបស់អាមេរិក ទៅកាន់តៃវ៉ាន់។ សកម្មភាពអាក្រក់ និងកលល្បិចរបស់សហរដ្ឋអាមេរិកគឺជារឿងឥតប្រយោជន៍ និងដ៏គ្រោះថ្នាក់។ តែអ្នកដែលលេងជាមួយ ភ្លើង នឹងត្រូវបានភ្លើងឆេះខ្លួនឯង»។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់យោធាចិន មិនបានលើកឡើងចំៗពីដំណើរទស្សនិច្ចរបស់ប្រតិភូសភាអាមេរិកមកកាន់តៃវ៉ាន់ នោះទេ តែវាធ្វើឡើងនៅចំពេលក្រុមប្រតិភូនេះធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ ក្នុងទីក្រុងតៃប៉ិ៕