(មូស្គូ)៖ ម៉ូស្វា (Moskva) ជានាវាចម្បាំងដែលត្រូវបានគេដាក់ឈ្មោះជាការឧទ្ទិសចំពោះរដ្ឋធានីមូស្គូរបស់រុស្ស៉ី និងជាមោទកភាពរបស់ កងទ័ពជើងទឹករុស្ស៉ីនៅក្នុងតំបន់សមុទ្រខ្មៅ បានលិចជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅលើ នាវាចម្បាំងសម័យអតីតសហភាពសូវៀតមួយនេះ។

នាវាចម្បាំង Moskva បានប្រឡូកនៅក្នុងសមរភូមិសង្រ្គាមជាច្រើន ដូចជានៅហ្ស៊កហ្ស៊ី, ស៊ីរី និងអ៊ុយក្រែន ហើយវាក៏ធ្លាប់បានចូលរួមក្នុង បេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រជាមួយសហរដ្ឋអាមេរិកផងដែរ។ មូលហេតុនៅពីក្រោយ ការលិចនាវាចម្បាំងនេះមិនទាន់ត្រូវបានបញ្ជាក់ ឱ្យច្បាស់នៅឡើយទេ ដោយទាំងខាងរុស្ស៉ី និងអ៊ុយក្រែនអះអាងផ្សេងៗគ្នា។

* តើមានអ្វីបានកើតឡើងលើនាវាចម្បាំង Moskva?

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ, ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថានាវាចម្បាំង Moskva បានទទួលរងការខូចខាតយ៉ាងដំណំ ដោយសារអគ្គីភ័យ ហើយបានលិចចូលសមុទ្រខ្មៅចំពេលកំពុងមានព្យុះភ្លៀង ខណៈកំពុងត្រូវបានគេ អូសឆ្ពោះទៅកាន់ផែ។ ចំណែកឯ នាវិក ៥០០នាក់នៅលើនាវាចម្បាំងនេះត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។

ប៉ុន្តែ យោធាអ៊ុយក្រែន បានអះអាងថាខ្លួនបានប្រើមីស៊ីលប្រឆាំងនាវាចម្បាំង ណិបទូន (Neptune) វាយប្រហារពន្លិចនាវាចម្បាំងរុស្ស៉ី Moskva ដែលស្ថិតនៅចម្ងាយប្រហែលជា ១០០ ទៅ១០៤គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងអូដេសា (Odesa) នៅពេលកើតហេតុ។

* តើការបាត់បង់នាវាចម្បាំង Moskva មានន័យដូចម្ដេចចំពោះយោធារុស្ស៉ី?

មានទម្ងន់ ១២,៥០០តោន, Moskva ជាប្រភេទនាវាចម្បាំងបំពាក់ដោយមីស៊ីលប្រឆាំងនាវា និងមីស៊ីលប្រឆាំយន្ដហោះចម្បាំង ហើយរុស្ស៉ី មាននាវាចម្បាំងប្រភេទនេះតែមួយគត់នៅក្នុងតំបន់សមុទ្រខ្មៅ។ ចំណែកឯ នាវាចម្បាំងពីរទៀតគឺ ម៉ាសាល់ អ៊ូសទីនូវ (Marshal Ustinov) ត្រូវបានដាក់ពង្រាយក្នុងតំបន់ភាគខាងជើងប្រទេសរុស្ស៉ី និងនាវាចម្បាំងវ៉ាយ៉ាក (Varyag) នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

បើតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (IOW), គេមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថាតើអ៊ុយក្រែនពិតជាបានបាញ់ពន្លិចនាវាចម្បាំងរុស្ស៉ី មែន ឬក៏យ៉ាងណានោះទេ ប៉ុន្តែអ្វីដែលគេដឹង នោះគឺការបាត់បង់នាវាចម្បាំង Moskva នឹងក្លាយការឃោសនាជ័យជម្នះដ៏ធំសម្រាប់ អ៊ុយក្រែន។ ផ្ទុយទៅវិញ ការបាត់បង់នេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌ និងទឹកចិត្តនៃកងទ័ពរុស្ស៉ី។ តែទោះជាបែបនេះក្ដី ផលប៉ះពាល់ អាចនឹងមានត្រឹមរយៈពេលខ្លី ហើយវាក៏មិនមែនជាការខាតបង់ធ្ងន់ធ្ងន់ខ្លាំងពេក ដល់ថ្នាក់អាចកំណត់បរាជ័យទាំងស្រុងរបស់មូស្គូ បាននោះដែរ។

វិទ្យាស្ថាន IOW បានឱ្យដឹងទៀតថានាវាចម្បាំង Moskva ត្រូវបានគេប្រើប្រាស់ក្នុងការវាយប្រហារដោយមីស៊ីលគ្រូស កាលីប (Kalibr) លើ ទីតាំងជាច្រើន ក្នុងនោះរួមមានទីតាំងភស្ដុភារ និងព្រលានយន្ដហោះនៅក្នុងប្រទេសអ៊ុយក្រែន។ «ការវាយប្រហារដោយមីស៊ីលគ្រូសនេះ ពិតជាមានប្រសិទ្ធភាព ប៉ុន្តែវាមានចំនួនកំណត់ បើធៀបទៅនឹងការវាយប្រហារតាមផ្លូវអាកាស និងការវាយប្រហារដោយប្រើប្រាស់ប្រភេទ មីស៊ីលផ្លោង។ ដូច្នេះការបាត់បង់ Moskva វាទំនងជានឹងមិនមែនជាកត្តាកំណត់ឈ្នះ ឬចាញ់នោះទេ»។ នេះជាការបញ្ជាក់របស់វិទ្យាស្ថាន IOW។

ដូចគ្នាដែរ ក្រុមអ្នកជំនាញរុស្ស៉ីដូចជាលោក អាឡិចហ្សាន់ដឺ ក្រាមឈិកហ៊ីន (Alexander Khramchikhin) យល់ថាការបាត់បង់នាវាចម្បាំង Moskva មិនមែនជារឿងធំដុំនោះទេ។ លោកបានកត់សម្គាល់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះថា «នាវាចម្បាំងនេះ (Moskva) វាចាស់ពេកហើយ និងក៏ដល់ពេលចូលនិវត្តន៍ផងដែរ។ ម្លោះហើយការបាត់បង់នេះនឹងមិនបង្កផលប៉ះពាល់អ្វីដល់ជម្លោះសព្វថ្ងៃនោះទេ»។

គួរបញ្ជាក់ថា នាវាចម្បាំង Moskva ដែលមានតម្លៃជាង ៧៥០លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ចេញពីកំពង់ផែក្នុងទីក្រុង មីកូឡេវ (Mykolaiv) របស់អ៊ុយក្រែនដែល ធ្លាប់ជាដែនដីអតីតសហភាពសូវៀត កាលពីខែកក្កដា ឆ្នាំ១៩៧៩ ហើយរហូតដល់ខែធ្នូ ឆ្នាំ១៩៨២ ទើបនាវាចម្បាំងនេះត្រូវបានដាក់ឱ្យប្រើជា
ផ្លូវការក្នុងជួរកងទ័ពជើងទឹកសូវៀត។ នាវាចម្បាំង Moskva មានប្រវែងបណ្ដោយ ១៨៦ម៉ែត្រ ដោយអាចផ្ទុកនាវិក ៤៧៦នាក់ បូកបន្ថែម មន្ត្រី ៦២នាក់ទៀត៕

ប្រភព៖ AP (ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២)