(សេអ៊ូល)៖ កូរ៉េខាងជើងនឹងប្រារព្ធពិធីខួបកំណើតលើកទី១១០ របស់អតីតមេដឹកនាំកូរ៉េខាងជើង និងត្រូវជាជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៉ីលស៊ុង នៅយប់ថ្ងៃសុក្រនេះ អមជាមួយការសម្ដែងការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរទ្រង់ទ្រាយធំ ក្នុងរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា កូរ៉េខាងជើង នឹងចាប់ផ្ដើមប្រារព្ធពិធីអបអរសាទរខួបកំណើតលោក គីម អ៉ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង នៅម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅសេអ៊ូល)។ ជាមួយគ្នានោះដែរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអះអាងថាពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដោយ បារម្ភថាកូរ៉េខាងជើងអាចនឹងយកឆ្លៀតឱកាសធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ជាធម្មតា, កូរ៉េខាងជើងតែងតែធ្វើព្យុហយាត្រាយោធាសម្ញែងមីស៊ីល ឬអាវុធនុយក្លេអ៊ែរ នៅក្នុងព្រឹត្តិការណ៍ធំៗដូចជា ពិធីខួបកំណើតរបស់ឪពុក ឬជីតារបស់លោក គីម ជុងអ៊ុន។ ប៉ុន្តែ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនបាន និយាយពីការធ្វើព្យុហយាត្រាអ្វីនោះទេ៕