(កៀវ)៖ ស្នូរផ្ទុះដ៏សម្បើមបានកើតឡើង នៅក្នុងទីក្រុងកៀវនៅថ្ងៃសុក្រនេះ ហើយស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងពាសពេញ ប្រទេសអ៊ុយក្រែន ខណៈប្រជាជនអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារជាថ្មីរបស់រុស្ស៉ី បន្ទាប់ពីនាវាចម្បាំងមួយរបស់មូស្គូ បានលិចនៅឯតំបន់សមុទ្រខ្មៅ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

សំឡេងផ្ទុះខាងលើដែលមិនទាន់មានការផ្ទៀងផ្ទាត់ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងកៀវ ហើយនេះអាចជាហេតុការណ៍ដ៏សំខាន់ បំផុតមួយ ចាប់តាំងរុស្ស៉ីដកកងទ័ពចេញពីតំបន់រដ្ឋធានីនៃប្រទេសអ៊ុយក្រែន ដើម្បីត្រៀមខ្លួនប្រយុទ្ធជាថ្មីនៅឯតំបន់ភាគខាងត្បូង និងភាគខាងកើតរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានឱ្យដឹងថានាវាចម្បាំង ម៉ូស្វា (Moskva) របស់ខ្លួននៅឯតំបន់សមុទ្រខ្មៅ បានលិចជាផ្លូវការហើយ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងអគ្គិភ័យ ដែលអ៊ុយក្រែនអះអាងថាបណ្តាលមកពី ការវាយប្រហារដោយមីស៉ីល។

បើតាមក្រសួងការពារជាតិរុស្ស៉ី នាវាចម្បាំង Moskva បានលិច ខណៈវាកំពុងត្រូវបានគេអូសចូលផែ ចំពេលមានព្យុះភ្លៀងដោយមិនបាន ទទួលស្គាល់ពីការវាយប្រហារណាមួយឡើយ ហើយថាការស៊ើបអង្កេតកំពុងធ្វើឡើង រីឯនាវិកទាំងអស់៥០០នាក់នៅលើនាវាចម្បាំងសល់ ពីអតីតសហភាពសូវៀតមួយនេះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ក៏ប៉ុន្តែ អ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានប្រើមីស៊ីលប្រឆាំង នាវាចម្បាំង ណិបទូន (Neptune) វាយប្រហារលើនាវាចម្បាំងរុស្ស៉ីមួយនេះ៕