(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថានាវាចម្បាំង ម៉ូស្វា (Moskva) របស់ខ្លួននៅឯតំបន់សមុទ្រខ្មៅ បានលិចជាផ្លូវការហើយ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងអគ្គិភ័យ ដែលអ៊ុយក្រែនអះអាងថាបណ្តាលមកពីការវាយប្រហារដោយមីស៉ីល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិរុស្ស៉ី នាវាចម្បាំង Moskva បានលិច ខណៈវាកំពុងត្រូវបានគេអូសចូលផែ ចំពេលមានព្យុះភ្លៀងដោយមិនបាន ទទួលស្គាល់ពីការវាយប្រហារណាមួយឡើយ ហើយថាការស៊ើបអង្កេតកំពុងធ្វើឡើង រីឯនាវិកទាំងអស់៥០០នាក់នៅលើនាវាចម្បាំងសល់ ពីអតីតសហភាពសូវៀតមួយនេះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ក៏ប៉ុន្តែ អ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានប្រើមីស៊ីលប្រឆាំង នាវាចម្បាំង ណិបទូន (Neptune) វាយប្រហារលើនាវាចម្បាំងរុស្ស៉ីមួយនេះ។

គួរបញ្ជាក់ថា Moskva គឺជានាវាយោធាទី២របស់រុស្ស៉ី ដែលត្រូវគេដឹងថាបានទទួលរងការខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានចាប់ផ្តើមឡើង។ កាលពីខែមុន អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារនាវាយោធារុស្ស៉ីមួយគ្រឿងទៀត ឈ្មោះថា អ័ស (Orsk) នៅឯសមុទ្រអាហ្សូវ។

កំលុងសង្រ្គាមនៅអ៊ុយក្រែន កងទ័ពជើងទឹករុស្ស៉ី បានបាញ់មីស៉ីលគ្រូសជាច្រើន ចូលទៅកាន់ទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការរបស់ យោធាជើងទឹករុស្ស៉ី នៅតំបន់សមុទ្រខ្មៅ មានសារសំខាន់ជាខ្លាំងក្នុងការគាំទ្រដល់ ប្រតិបត្តិការលើដីគោករបស់រុស្ស៉ី នៅតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។ ដូច្នេះហើយ បើតាមក្រុមអ្នកជំនាញយោធាលោកខាងលិច ការបាត់បង់នាវាចម្បាំង Moskva អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈប្រយុទ្ធជាថ្មីរបស់កងទ័ពរុស្ស៉ី ក្នុងរយៈពេលខ្លី៕