(ឡុងដ៍)៖ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីគឺ លោក Dmitry Medvedev បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាសមាជិកសម្ព័ន្ធមិត្តយោធា NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះ រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេងនៅចំកណ្តាលអឺរ៉ុបតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Medvedev បាននិយាយថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលរួមជាមួយអង្គការ NATO នោះរុស្ស៊ីនឹងត្រូវពង្រឹងកម្លាំងទ័ពជើងគោក ជើងទឹក និងដែនអាកាសរបស់ខ្លួននៅសមុទ្របាល់ទិក។

លោកក៏បានលើកឡើងយ៉ាងច្បាស់ ពីការគម្រាមកំហែងនុយក្លេអ៊ែរផងដែរដោយសង្កត់ធ្ងន់ថា មិនអាចមានការពិភាក្សាគ្នាអំពីតំបន់បាល់ទិកដែលគ្មាននុយក្លេអ៊ែរទៀតទេ ខណៈរុស្ស៊ីមានតំបន់ Kaliningrad របស់ខ្លួន ដែលស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។

លោក Medvedev ដែលជាអតីតប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ បាននិយាយយ៉ាងដូច្នេះថា «មិនអាចមានការពិភាក្សាអំពីស្ថានភាពគ្មាននុយក្លេអែរទៀតទេសម្រាប់តំបន់បាល់ទិក។ តុល្យភាពត្រូវតែត្រូវបានស្តារឡើងវិញ»។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១,៣០០គីឡូម៉ែត្រជាមួយរុស្ស៊ី និងស៊ុយអែតកំពុងពិចារណាចូលរួមជាមួយសម្ព័ន្ធភាព NATO។ នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ លោក Sanna Marin បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វាំងឡង់នឹងធ្វើការសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕