(ម៉ានីល)៖ យោធាហ្វីលីពីននាថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថានឹងបន្តកិច្ចប្រឹងប្រែងតាមរកនិងជួយសង្រ្គោះ បន្ទាប់ពីព្យុះត្រូពិច មេហ្គី (Megi) បានបោកបក់កាត់តំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍កន្លងទៅ ជាហេតុបង្កឱ្យមានទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលបានផ្តាច់ជីវិតមនុស្សសរុបកើនដល់យ៉ាងហោច ១២៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមអ្នកបាត់បង់ជីវិតខាងលើ មាន៨៦នាក់ ស្ថិតនៅទីក្រុងបៃបៃ (Baybay) នៃខេត្តឡេទី (Leyte) ដែលងាយប្រឈមនឹងហេតុការណ៍បំណាក់ដី ខណៈមនុស្ស២៣៦នាក់ផ្សេង នៅក្នុងខេត្ត Leyte ទាំងមូល បានទទួលរងរបួស។ ខណៈខេត្ត Leyte ជាកន្លែងដែលរងគ្រោះ និងមានមនុស្សស្លាប់ច្រើនជាងគេ បណ្តាខេត្តមួយចំនួនទៀត នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ក៏បានរងការខូចខាត និងមានមនុស្សបាត់បង់ជីវិតផងដែរ។ ខាងកងទ័ពហ្វីលីពីនបានប្រកាសថា ប្រតិបត្តិការស្វែងរក ជួយសង្រ្គោះ និងប្រមូលសាកសព នឹងនៅតែបន្តទៅមុខ។

គួរបញ្ជាក់ថា ព្យុះ Megi បានបោកបក់មកដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ជាមួយកម្លាំងខ្យល់ចន្លោះ ៦៥-៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានរលាយខ្លួនទៅវិញ នៅប៉ុន្មានថ្ងៃក្រោយ។ វាគឺជាព្យុះដំបូងគេក្នុងឆ្នាំនេះ ដែលបានវាយប្រហារហ្វីលីពីន ដែលជាប្រទេសតែងទទួលរង ការបោកបក់ពីព្យុះត្រូពិច ជាមធ្យមចំនួន២០ ក្នុងមួយឆ្នាំៗ៕