(ឡុងដ៍)៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានទទូចឱ្យអាជ្ញាធរនៅចក្រភអង់គ្លេស ពិនិត្យនិងកែសម្រួលឡើងវិញនូវ នីតិវិធីនៃកម្មវិធីផ្តល់កន្លែងជ្រកកោនឱ្យជនភៀសខ្លួនអ៊ុយក្រែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានជនខិលខូចមួយចំនួន ព្យាយាមប្រើប្រាស់គម្រោងនេះ ដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើ ស្រ្តីៗជាជនភៀសខ្លួនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យឧត្តមស្នងការ UN ទទួលបន្ទុកជនភៀសខ្លួន បានលើកឡើងថា អាជ្ញាធរអង់គ្លេសគួរតែកែសម្រួល នីតិវិធីឱ្យសមស្របជាងមុន ដើម្បីធានាថាស្រ្តីនិងស្រ្តីដែលមានកូនៗ ត្រូវផ្គូផ្គងជាមួយគ្រួសារឬប្តី-ប្រពន្ធ ជាជាងជាមួយបុរសដែលនៅលីវ។ បើយោងតាមអ្នកនាំពាក្យ ការបណ្តោយឱ្យស្រ្តីជនភៀសខ្លួន ចូលទៅស្នាក់តាមផ្ទះ ដោយពុំមានការពិនិត្យល្អិតល្អន់ អាចនាំឱ្យពួកគេប្រឈមហានិភ័យកាន់តែខ្លាំង បន្ថែមពីលើទុក្ខលំបាកនៃការព្រាត់ប្រាសផ្ទះសម្បែង, ការឃ្លាតឆ្ងាយពីគ្រួសារ និងអំពើហិង្សា ដែលពួកគេបានឆ្លងកាត់រួចមកហើយ។

គួរបញ្ជាក់ថា កម្មវិធី Homes for Ukraine ត្រូវបានបង្កើតឡើង កាលពីពាក់កណ្តាលខែមីនា ដើម្បីជួយប្រជាជនអ៊ុយក្រែន ដែលរត់គេចពីសង្រ្គាម ស្វែងរកកន្លែងជ្រកកោនបណ្តោះអាសន្ន នៅក្នុងចក្រភពអង់គ្លេស៕