(ញូយ៉ក)៖ អាជ្ញាធរអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា បុរសម្នាក់ដែលជាប់សង្ស័យក្នុងករណីបាញ់ប្រហារ នៅស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ក្នុងទីក្រុងញូយ៉ក ត្រូវបានចាប់ខ្លួនហើយ ក្រោយការតាមប្រមាញ់រយៈពេល៣០ម៉ោង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

ស្នងការប៉ូលិសក្រុងញូយ៉ក លោកស្រី ឃីឆាន់ ស៉ីវែល (Keechant Sewell) បានប្រកាសថា លោក ហ្រ្វែង ជែម (Frank James) ដែលជាជនសង្ស័យត្រូវបានឃាត់ខ្លួន នៅតំបន់ អ៉ីស វីលេក (East Village) នៃសង្កាត់ ម៉ាន់ហាថាន់ (Manhattan) ក្នុងទីក្រុងញូយ៉ក នារសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា កំលុងការធ្វើសកម្មភាព កាលពីវេលាព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ជនសង្ស័យបានប្រើគ្រាប់បែកផ្សែង នៅលើរថភ្លើងមួយខ្សែ ហើយបើកការវាយប្រហារជាមួយកាំភ្លើងខ្លីមួយដើម ចំនួន២៣លើក។ ជាលទ្ធផល មនុស្ស១០នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើងផ្ទាល់ ខណៈ១៣នាក់ទៀតបានរងគ្រោះ ដោយសារផ្សែង ឬក៏ក្នុងភាពចលាចលពេលព្យាយាមរត់ចេញពីរថភ្លើង។ លោក James ត្រូវប្រឈមមុខនឹង ការចោទប្រកាន់ពីបទវាយប្រហារភេរវកម្ម លើទីតាំងមធ្យោបាយដឹកជញ្ជូនទ្រង់ទ្រាយធំ ដែលអាចឱ្យរូបលោក ជាប់ពន្ធនាគារអស់មួយជីវិត៕