(មូស្គូ)៖ រុស្ស៉ីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿង នៅសមុទ្រខ្មៅ បានទទួលរងការខូចខាតយ៉ាងដំណំ ក្រោយហេតុការណ៍ផ្ទុះមួយ ដែលមន្រ្តីអ៊ុយក្រែនបានអះអាងថា បណ្តាលមកពីការវាយប្រហារដោយមីស៉ីល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា អគ្គីភ័យនៅលើនាវាចម្បាំង ម៉ូស្វា (Moskva) បានធ្វើឱ្យគ្រាប់នៅលើនោះផ្ទុះឡើង ជាហេតុតម្រូវឱ្យនាវិកទាំងអស់ ត្រូវជម្លៀសខ្លួនចេញពីនាវា។ ខាងរុស្ស៉ីមិនបានបញ្ជាក់ថា គ្រោះអគ្គីភ័យនោះកើតឡើងដោយសារអ្វីឡើយ ប៉ុន្តែអភិបាលតំបន់អូដេស្សា អូប្លាស (Odessa Oblast) នៃប្រទេសអ៊ុយក្រែន បានអះអាងថា នាវាចម្បាំងរុស្ស៉ី ត្រូវបានមីស៉ីលអ៊ុយក្រែន ណិបទូន (Neptune) ២គ្រាប់ បាញ់ចំ។

គួរបញ្ជាក់ថា Moskva គឺជានាវាយោធាទី២របស់រុស្ស៉ី ដែលត្រូវគេដឹងថាបានទទួលរងការខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានចាប់ផ្តើមឡើង។ កាលពីខែមុន អ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារនាវាយោធារុស្ស៉ីមួយគ្រឿងទៀត ឈ្មោះថា អ័ស (Orsk) នៅឯសមុទ្រអាហ្សូវ។

កំលុងសង្រ្គាមនៅអ៊ុយក្រែន កងទ័ពជើងទឹករុស្ស៉ី បានបាញ់មីស៉ីលគ្រូសជាច្រើន ចូលទៅកាន់ទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការរបស់យោធាជើងទឹករុស្ស៉ី នៅតំបន់សមុទ្រខ្មៅ មានសារសំខាន់ជាខ្លាំងក្នុងការគាំទ្រដល់ ប្រតិបត្តិការលើដីគោករបស់រុស្ស៉ី នៅតំបន់ភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន៕