(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសផ្តល់ជំនួយយោធាទំហំ ៨០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

កញ្ចប់ជំនួយថ្មីខាងលើ នឹងរួមមានឧទ្ធម្ភាគចក្រចំនួន១១គ្រឿង, កាំភ្លើងធំ១៨គ្រឿង, គ្រាប់កាំភ្លើងធំ ៤០,០០០គ្រាប់, ប្រព័ន្ធរ៉ាដាប្រឆាំងកាំភ្លើងធំ, រថពាសដែក២០០គ្រឿង និងដ្រូនអត្តឃាត ៣០០ដើម។ លោក បៃដិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «អាមេរិកនឹងបន្តឈរនៅជាមួយអ៊ុយក្រែនជានិច្ច ក្នុងការប្រយុទ្ធតស៊ូរបស់ពួកគេ ដើម្បីសេរីភាព»

គួរបញ្ជាក់ថា នេះជាលើកដំបូងបង្អស់ដែលសហរដ្ឋអាមេរិក បានផ្តល់កាំភ្លើងធំឱ្យទៅអ៊ុយក្រែន។ គិតចាប់តាំងពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ រហូតមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៉ីនតោនបានផ្តល់ជំនួយយោធាសរុបជាង ២.៥ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕