(បែរឡាំង)៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ុលទែរ ស្តែនម៉ៃយឺ (Frank-Walter Steinmeier) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា គម្រោងនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងកៀវ មិនត្រូវបានអ៊ុយក្រែនស្វាគមន៍នោះឡើយ ចំពេលមានរបាយការណ៍ថាលោក ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានរិះគន់លោក Steinmeier ចំពោះការមានទំនោរស្និទ្ធជាមួយរុស្ស៊ី។ នេះបើ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

លោក Steinmeier បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាសូវី (Warsaw)ថា «លោកមានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវជាមួយ មេដឹកនាំប៉ូឡូញ អេស្តូនី, លីទុយអានី, និងឡេតូនី ដើម្បីបង្ហាញពីសាមគ្គីភាពអឺរ៉ុបដ៏រឹងមាំចំពោះអ៊ុយក្រែន ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ទីក្រុងកៀវមិនចង់បានបែបនេះទេ»

ប៉ុន្តែព្រមពេលជាមួយគ្នា លោកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុ នៅពីក្រោយការមិនពេញចិត្តរបស់រដ្ឋាភិបាលទីក្រុងកៀវ ចំពោះដំណើរទស្សនកិច្ចរបស់លោកនោះទេ។

គួរបញ្ជាក់ថា បើតាមកាសែត បៀល (Bild), កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សេលេនស្គី បានច្រានចោលគម្រោងទស្សនកិច្ចរបស់លោក ស្តែនម៉ៃយឺ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយរុស្ស៊ី និងការគាំទ្ររបស់អាល្លឺម៉ង់លើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលជាគម្រោងដើម្បីបង្កើនលំហូរឧស្ម័នរបស់រុស្ស៊ីដោយផ្ទាល់ ទៅកាន់ប្រទេសអាល្លឺម៉ង់ទ្វេដង បើទោះបីជាគម្រោងត្រូវបានផ្អាកហើយ ក៏ដោយ៕