(ឌូបៃ)៖ មេបញ្ជាការកងទ័ពជើងគោកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក មហាំម៉ាត់ ប៉ាកពួរ (Mohammad Pakpour) នៅថ្ងៃពុធនេះ បាននិយាយថា ទោះបីជាសម្លាប់មេដឹកនាំអាមេរិកទាំងអស់ ក៏មិនគ្រប់គ្រាន់ក្នុងការសងសឹកគំនុំឈាមឱ្យអតីតមេបញ្ជាការយោធាអ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qassem Soleimani) នោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

លោក សូឡៃម៉ានី ត្រូវបានសម្លាប់កាលពីខែមករា ឆ្នាំ២០២០ ដោយការវាយប្រហារពីសំណាក់យន្ដហោះដ្រូនរបស់យោធាអាមេរិក កំលុងពេល លោកបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីរ៉ាក់ ហើយអ៉ីរ៉ង់បានប្រកាសថានឹងសងសឹកចំពោះអ្នកទទួលខុសត្រូវ ឬអ្នកពាក់ព័ន្ធនឹងការសម្លាប់ មេទ័ពកំពូលរបស់ខ្លួនរូបនេះ។

តែទោះជាបែបនេះក្ដី, លោក មហាំម៉ាត់ ប៉ាកពួរ បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាសម្លាប់មេដឹកនាំអាមេរិកទាំងអស់ ក៏នៅតែមិនគ្រប់គ្រាន់ ក្នុងការសងសឹកគំនុំឈាមឱ្យលោក សូឡៃម៉ានីនោះដែរ។ ដូច្នេះយើងត្រូវតែដើរតាមជំហានរបស់លោក សូឡៃម៉ានី ហើយសងសឹកឱ្យគាត់ តាមវិធីផ្សេងៗ»

គួរបញ្ជាក់ថា លោក កសឹម សូឡៃម៉ានី ជាអតីតមេបញ្ជាការយោធាអ៉ីរ៉ង់ម្នាក់ដ៏មានឥទ្ធិពល ដែលដឹកនាំប្រតិបត្តិការនៅទូទាំងតំបន់មជ្ឈិមបូព៌ា ត្រូវបានសម្លាប់នៅឯអាកាសយានដ្ឋានទីក្រុងបាកដាដ នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនតាមបញ្ជារបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕